អភិបាលខេត្តតាកែវជំរុញអាជ្ញាធរក្រុងដូនកែវត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងតម្លាភាព
AKP តាកែវ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ -- ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានជំរុញអាជ្ញាធរក្រុងដូនកែវឱ្យយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងតម្លាភាព ព្រមទាំពង្រឹងសន្តិសុខដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលក្រុងដូនកែវថ្មី នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង បានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់លោក ឌឹម គឹមសាន្ត អភិបាលក្រុងដែលទើបតែងតាំងថ្មី ឱ្យខិតខំដុសខាត់សម្រស់ក្រុងដូនកែវឱ្យកាន់តែលេចធ្លោថែមទៀត ព្រោះក្រុងដូនកែវគឺជា បេះដូងនៃខេត្ត។

អាជ្ញាធរក្រុងត្រូវតែបង្កើនសន្ទុះការងារឱ្យខ្លាំងជាងមុន ដើម្បីសម្រេចបាននូវគោលដៅធំៗរួមមាន បង្កើតបរិស្ថានរស់នៅដែលស្អាត មានផាសុកភាព និងទំនើប។ ខិតខំកែលម្អសោភ័ណភាព និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ ដើម្បីជាការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តកាន់តែច្រើន បន្តបង្កើតបរិយាកាសល្អសម្រាប់វិនិយោគិនដើម្បីបង្កើតការងារជូនពលរដ្ឋ និងជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋាន ដោយបានបង្ហាញនូវក្តីរំពឹងយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់អភិបាលក្រុងថ្មី ក្រុងដូនកែវនឹងមានការប្រែប្រួលមុខមាត់ថ្មីកាន់តែស្រស់បំព្រង និងរីកចម្រើនលើគ្រប់វិស័យ៕

ដោយ៖ ចាន់ សុភឿន (ប្រភព ៖ រដ្ឋបាលខេត្តតាកែវ)





