ពលរដ្ឋភៀសសឹក១,៦០០គ្រួសារ នៅស្រុកស្វាយចេក ទទួលបានអំណោយអង្គការសម្ព័ន្ធពិភពឥស្លាម
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦-- ក្នុងស្មារតី "ខ្មែរជួយខ្មែរ" និងការបន្តយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញវត្តមានយ៉ាងសកម្មនៅមូលដ្ឋាន ដើម្បីផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបានដោយសារសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជាកន្លងមក។

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអមដំណើរដោយ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់នៃអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) បានចុះជួបសំណេះសំណាល និងចែកអំណោយជាកញ្ចប់អាហារដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ១,៦០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងឃុំស្លក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែបារម្ភ និងតាមដានជាប់ជានិច្ចនូវជីវភាពរស់នៅរបស់បងប្អូនពលរដ្ឋភៀសសឹក។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាបងប្អូនមិនទាន់អាចត្រឡប់ទៅភូមិឋានវិញបាន ប៉ុន្តែរាជរដ្ឋាភិបាលមិនដែលបោះបង់បងប្អូនចោលឡើយ។ ការផ្តល់ជូននាពេលនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាល និងអង្គការដៃគូអន្តរជាតិ ដើម្បីសម្រាលបន្ទុកជីវភាពរបស់បងប្អូនក្នុងគ្រាលំបាក។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ក្នុងនាមជាតំណាងអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) បាននាំយកនូវគម្រោងកញ្ចប់អាហារសប្បុរសធម៌ ដើម្បីមកចែកជូនដោយផ្ទាល់ដៃ។ នេះបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកម្ពុជា និងពិភពឥស្លាម ក្នុងការចូលរួមចំណែកការងារមនុស្សធម៌ដោយមិនប្រកាន់ពូជសាសន៍ ឬសាសនាឡើយ។

អ្វីដែលជាចំណុចពិសេសនៃសកម្មភាពនេះ គឺការបង្ហាញពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជីវិត។ បន្ទាប់ពីពិធីចែកអំណោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បាននាំឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទៅពិនិត្យមើលផ្ទាល់នូវប្រព័ន្ធបណ្តាញទឹកស្អាត ដែលត្រូវបានរៀបចំឡើងសម្រាប់ពលរដ្ឋប្រើប្រាស់។ ស៊ីទែនទឹកស្តុកទុក ដើម្បីធានាថាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។
សកម្មភាពនេះបង្ហាញយ៉ាងច្បាស់ថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលមិនមែនមានត្រឹមតែការផ្តល់ស្បៀងអាហារមួយពេលនោះទេ ប៉ុន្តែគឺការគិតគូរដសុខុមាលភាព និងអនាម័យ" ដែលជាមូលដ្ឋានគ្រឹះនៃសុខភាពរបស់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្ន៕
ដោយ ឈុន សារ៉ាត





