UN-Habitat បន្តសកម្មភាពលើគម្រោងប្រែប្រួលកាសធាតុ និងលំ នៅឋានសមរម្យនៅខេត្តព្រះសីហនុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦---
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយលោក ស្រី Kazuko ISHIGIKI នាយិកាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោកស្រី Odicea Angelo Barrios មន្ត្រីជាន់ខ្ពស់ នៃ UN-Habitat ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តព្រះសីហនុ និងកម្មវិធីអង្គការ UN-Habitat ព្រមទាំងស្វែងយល់អំពីការអភិវឌ្ឍខេត្តព្រះសី ហនុនៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទទី២៧ ខែមេសា ឆ្នាំ២០២៦ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានជំរាបជូនថា ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសី ហនុ សូមស្វាគមន៍លោកស្រី និងសហការីដែលបានមកដល់ខេត្តតំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានជំរាបជូនពីកត្តាភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តព្រះសីហនុ ចែកជា៦ ក្រុង ស្រុក ២៩ឃុំ សង្កាត់ និង ១១១ភូមិ មានប្រជាពលរដ្ឋប្រមាណជា ៣១ម៉ឺននាក់ ជាខេត្តសម្បុរទៅដោយធនធានធម្មជាតិ មានកោះ៣២ ថ្មដុះ១ ថ្មប៉ប្រះទឹក៥ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ជួយពង្រឹងពង្រីកវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ធ្វើឪ្យខេត្តព្រះសីហនុ ប្រសិទ្ធនាមថា ជាតារារះ "នាទិសនារតី" ខេត្តព្រះសីហនុ ជាខេត្តស្នូលនៃតំបន់ឆ្នេរមានដូចជា ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប និងត្រូវបានដាក់បញ្ជូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោកកាលពីឆ្នាំ២០១១ នៅប្រទេសសេណេកាល់។


ឯកឧត្តមថា ខេត្តព្រះសីហនុមានសក្តានុពលសេដ្ឋកិច្ចដូចជា ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ផ្លូវទឹកមានកំពង់ផែទឹកជ្រៅ ដែលមានទំនិញឆ្លងកាត់ប្រមាណជា ៧០ភាគរយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបាននឹងកំពុងបានធ្វើការអភិវឌ្ឍជាបីតំណាក់កាល នឹងតំណាក់កាលទីបីត្រូវបញ្ចប់នៅឆ្នាំ២០៣០ ដែលមានជំរៅទឹក ១៧,៥០ម៉ែត្រ អាចឪ្យនាវាធ្វើចរាចរណ៍នៅលើពិភពលោកចូលចតបាន ផ្លូវគោក មានដូចជាផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើង ផ្លូវអាកាស មានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ។
ជាមួយគ្នាឯកឧត្តមអភិបាលខេត្តបានលើកឡើងថាដោយសារខេត្តព្រះសីហនុ មានវិស័យដឹកជញ្ជូនដ៏សម្បុរបែប រាជរដ្ឋាភិបាលឪ្យបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានសួនឧស្សាហកម្ម តំបន់ភស្តុភាកម្មដែលមានទំនាក់ទំនងទៅនឹងសកលលោក ទីក្រុងសមាហរណ្មកម្ម មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងតំបន់កោះ អភិវឌ្ឍទៅជាអេកូទេសចរណ៍ប្រណិត និងរុញវិស័យកសិកម្ម វារីវប្បកម្ម ។


ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណគុណ UN-Habitat បានជួយអភិរក្សដាំដុះកោងកាង រួមទាំងគម្រោងទីក្រុងឆ្លាតវៃ សំណល់រឹងនៅក្រុងព្រះសីហនុ ដែលជាបញ្ហាប្រឈមនឹងសង្គមសព្វថ្ងៃ និងគំនិតផ្តួចផ្តើមទីក្រុងបៃតងជាដើម យើងត្រូវអភិវឌ្ឍទីក្រុងរបស់យើងក្នុងគម្រោងគាំពារ នៃការប្រែប្រួលអាកាសធាតុនៅខេត្តព្រះសីហនុ អង្គការ UN-Habitat ជួយសាងសង់ប្រព័ន្ធលូបង្ហូទឹកភ្លៀងនៅស្រុកព្រៃនប់ប្រវែង ២គីឡូម៉ែត្រ បានជួយសាងសង់លំនៅដ្ឋានដែលមានភាពធន់នឹងអាកាសធាតុ សូមជួយសាងសង់លំនៅដ្ឋាន និងប្រព័ន្ធរំដោះទឹកនៅស្រុកព្រៃនប់បន្តទៀត យើងក៏ត្រូវការប្រព័ន្ធរំដោះទឹកភ្លៀងជាង ២គីឡូបន្ថែមទៀតនៅស្រុកព្រៃនប់ ម្យ៉ាងទៀតស្រុកព្រៃនប់ទទួលរងផលប៉ះពាល់គ្រោះធម្មជាតិច្រើនជាងគេដោយសារខ្យល់កន្ទ្រាក់ សូមអង្គការ UN-Habitat បន្តជួយគាំទ្រគម្រោងនៅក្នុងខេត្តព្រសីហនុរបស់យើងបន្តទៀត ។
ជាការឆ្លើយតប លោកស្រី Kazuko ISHIGIKI Director of Asia Pacific នាយិកាប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក បានកោតសរសើរពីសមិទ្ធិផល និងសក្តានុពលរបស់ខេត្តព្រះសីហនុ ចំពោះការអនុវត្តគម្រោងនាពេលកន្លងមក ស្តីពីការបន្សំទៅ នឹងការប្រែប្រួលអាកាសធាតុ ប្រព័ន្ធលូទឹកភ្លៀង និងលំនៅឋាន ហើយចំពោះសមិទ្ធិផលដែលកើតមាននៅខេត្តព្រះសីហនុ ។

លោកស្រីថា៖យើងនឹងបន្តយកទៅចែករំលែកនៅបណ្តាប្រទេសនានានៅខែឧសភាខាងមុខ យើងក៏មានឪកាសធ្វើការងារជាដៃគូរជាមួយរដ្ឋបាលខេត្តព្រះសីហនុ លើគម្រោងចំនួន៣នាពេលកន្លងមក មានដូចជា ១.ការប្រែប្រួលអាកាសធាតុ ២.សំណង់បណ្តោះអាសន្ន ៣.ទីក្រុងឆ្លាតវៃ ដោយផ្អែកលើសមិទ្ធផលដែលយើងទទួលបាននាពេលកន្លងមក អង្គការ UN-Habitat បន្តសកម្មភាពថ្មី មានដូចជាលំនៅឋាន សំណង់បណ្តោះអាសន្ន និងការប្រែប្រួលអាកាសធាតុ ដោយសារកម្ពុជាមានហានីភ័យ និងការបន្សំទៅនឹងការប្រែប្រូលអាកាសធាតុលើលំនៅឋានដែលមានតម្លៃសមរម្យ យើងបន្តការងារភាពជាដៃគូរជាមួយរដ្ឋបាលខេត្តព្រះសីហនុ រួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុប្រកបដោយនិរន្តរភាព ចំពោះផែនការសកម្មភាពទីក្រុងឆ្លាតវៃ យើងនឹងបន្តសិក្សាជាមួយរដ្ឋបាលក្រុង ខេត្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅថ្ងៃខាងមុខ ដើម្បីជំរុញអភិវឌ្ឍខេត្តព្រះសីហនុមានការរីកចម្រើន ៕
ដោយ៖ ងូ សុមុនី





