ក្នុងព្រឹត្តិការណ៍ ICIA ឆ្នាំ២០២៦ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមគ្នាជំរុញយុវជនសកលឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាព
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦–កម្ពុជាបានបង្ហាញយ៉ាងច្បាស់នូវកិត្យានុភាព និងឧត្តមភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ ក្នុងឱកាសបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់នូវការប្រកួតជុំផ្តាច់ព្រ័ត្រលំដាប់ពិភពលោក នៃពានរង្វាន់គំនិតច្នៃប្រឌិត និងនវានុវត្តន៍អន្តរជាតិ ប្រចាំឆ្នាំ កាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៦ នៅសាលាអន្តរជាតិផារ៉ាហ្គន។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកស្រី Eang Nithijounie Dene នាយិកាប្រតិបត្តិនៃអង្គការអប់រំស្ទែមនៅកម្ពុជា (STEMEOC) បានថ្លែងសុន្ទរកថាបង្ហាញពីចក្ខុវិស័យដ៏មុតស្រួចរបស់អង្គការដោយបញ្ជាក់ថា៖ «បេសកកម្មចម្បងរបស់ STEMEOC គឺការកសាងប្រព័ន្ធអេកូឡូស៊ីអប់រំស្ទែមឱ្យកាន់តែរឹងមាំ ដើម្បីក្លាយជាស្ពានចម្លងយុវជនកម្ពុជា ឱ្យអាចឈានទៅចាប់យកកម្រិតស្តង់ដារនវានុវត្តន៍ និងបច្ចេកវិទ្យាលំដាប់សកល”។


ចំណុចលេចធ្លោបំផុតដែលឆ្លុះបញ្ចាំងពីទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិបរិស្ថាន គឺតាមរយៈវិញ្ញាសា «កម្មវិធីប្រកួតប្រជែងនវានុវត្តន៍» ដែលតម្រូវឱ្យអ្នកចូលរួមដោះស្រាយបញ្ហាជាក់ស្តែង ក្រោមប្រធានបទ «ការរចនាលំហសិក្សាគ្មានសំណល់»ដែលត្រូវបានដាក់ចេញរួមគ្នាដោយក្រសួងបរិស្ថានកម្ពុជា និងអង្គការ SEAMEO។

តាមរយៈសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូផ្ញើជូនអង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍វាយតម្លៃខ្ពស់ថា៖ «ការបង្កើតសាលារៀនគ្មានសំណល់ គឺជាថ្នាលបណ្តុះសីលធម៌បរិស្ថាន និងជាការអនុវត្តផ្ទាល់នូវសេដ្ឋកិច្ចចក្រា។ គំនិតផ្តួចផ្តើមនេះ គឺផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់កម្ពុជា ដែលផ្តោតលើភាព ស្អាត បៃតង និងចីរភាព ដើម្បីធានាបាននូវសុខុមាលភាពសាធារណៈ និងរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០”។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងដោយបញ្ជាក់ថា៖ «ការច្នៃប្រឌិត និងនវានុវត្តន៍ គឺជាចលករស្នូលនៃអនាគតកម្ពុជា។ ការបណ្តុះសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែងតាមរយៈការអនុវត្តផ្ទាល់ គឺជាគន្លឹះដ៏សំខាន់ដើម្បីធានាថា យុវជនកម្ពុជាមានមនសិការម្ចាស់ការខ្ពស់ ក្នុងការកសាងសង្គមបៃតង និងសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន”។

គូរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានប្រមូលផ្តុំនូវវត្តមានអ្នកច្នៃប្រឌិតវ័យក្មេង អ្នកអប់រំឆ្នើម និងថ្នាក់ដឹកនាំរាប់ពាន់នាក់មកពី ២៧ ប្រទេសជុំវិញពិភពលោក។ ប្រតិភូទាំងអស់ត្រូវបានចម្រាញ់ចេញពីការប្រកួតថ្នាក់ជាតិចំនួន ៣៣ លើក ដើម្បីមកប្រកួតប្រជែងលើវិញ្ញាសាធំៗចំនួន៣ រួមមាន៖ អ្នកច្នៃប្រឌិតវ័យក្មេង (Inventor Wannabe), កម្មវិធីប្រកួតប្រជែងនវានុវត្តន៍ (Innovation Challenge) និងពានរង្វាន់នវានុវត្តន៍ (Innovation Award)។ ក្រៅពីការប្រកួតប្រជែង កម្មវិធី ICIA ឆ្នាំ២០២៦ ក៏បានផ្ដល់វេទិកាសហការសំខាន់ៗជាច្រើន រួមមានកម្មវិធី «ចុងសប្តាហ៍នៃនវានុវត្តន៍ធុរកិច្ចថ្មី» (Startup Innovation Weekend) និង «ជំនួបពិភាក្សាអ្នកអប់រំ» (Educators Meetalk) ព្រមទាំងការដាក់បញ្ចូលនូវពានរង្វាន់ «គ្រូបង្រៀនខ្ញុំ» (Teach Me Award) ជាលើកដំបូងបង្អស់។

ព្រឹត្តិការណ៍ ICIA ឆ្នាំ២០២៦ ត្រូវបានផ្តួចផ្តើមឡើងដោយស្ថាប័ន Krya Global និង Crebiz Factory និងសហការនាំយកមកកម្ពុជាដោយអង្គការ STEMEOC ក្រោមកិច្ចសហការយ៉ាងយុទ្ធសាស្ត្រជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន។
លោក អាន់តូនីយូស ម៉ាឡឹម បារូស (Antonius Malem Barus) នាយកប្រតិបត្តិនៃ Krya Global បានបញ្ជាក់ថា ICIA គឺជាវេទិកាដ៏រស់រវើកដែលផ្តល់សិទ្ធិអំណាចដល់កិច្ចសហការ និងការជំរុញឱ្យមានផលជះជាវិជ្ជមានពិតប្រាកដ៕

ដោយ៖មករា





