ស្រុក Anji, ប្រទេសចិន៖ ទឹកដីបុរាណ មកជាតំបន់សេដ្ឋកិច្ចគំរូកម្រិតជាតិលើកកម្ពស់ការអភិវឌ្ឍន៍នៅតំបន់ជនបទ
AKP Anji, ប្រទេសចិន ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦--ស្រុកអានជី ស្ថិតនៅភាគពាយព្យ នៃខេត្ត Zhejiang ប្រទេសចិន ដែលជាមជ្ឈមណ្ឌលភូមិសាស្ត្រនៃតំបន់ដីសណ្ដទន្លេយ៉ាងសេ (Yangtze River Delta) និងជាប្រភពដើមនៃទន្លេហួងពូ (Huangpu River) ក្នុងក្រុងសៀងហៃ។ ស្រុកនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៥ នៃគ្រិស្តសករាជ ដោយមានឈ្មោះដកស្រង់ចេញពីឃ្លា "an qie ji xi" (安且吉兮) ក្នុងសៀវភៅកំណាព្យបុរាណដែលមានអត្ថន័យថា "សន្តិភាព និងសិរីមង្គល"។ តំបន់នេះក៏ជាស្រុកកំណើតរបស់វិចិត្រករដ៏ល្បីល្បាញរបស់ចិន គឺ លោក Wu Changshuo (១៨៤៤-១៩២៧) ផងដែរ ។

ស្រុក Anji មានផ្ទៃដីសរុប ១ ៨៨៦ គីឡូម៉ែត្រការ៉េ ដោយបែងចែកភូមិសាស្រ្តដី ភ្នំប្រាំពីរភាគ ទឹកមួយភាគ និងដីកសិកម្មពីរភាគ។ រចនាសម្ព័ន្ធរដ្ឋបាលរួមមាន ក្រុងរដ្ឋបាលចំនួន ៨ មាន៣ឃុំ និង ៤ សង្កាត់ ដែលបែងចែកជា ២១៧ ភូមិ (សហគមន៍) និងមានប្រជាជនស្នាក់នៅអចិន្ត្រៃយ៍ចំនួន ៦០០ ០០០ នាក់។ ក្នុងដែនសមត្ថកិច្ចភូមិសាស្ត្រនេះ រួមមាន តំបន់អភិរក្សធម្មជាតិកម្រិតជាតិ ១ កន្លែង, រមណីយដ្ឋានទេសចរណ៍កម្រិតជាតិ និងកម្រិតខេត្ត ១ កន្លែង, សួនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្មកម្រិតជាតិ ១ កន្លែង និងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្រិតខេត្ត ១ កន្លែង។

ស្រុក Anji ត្រូវបានគេសន្មត់បែបទស្សនៈវិជ្ជាថា "ទឹកថ្លា និងភ្នំបៃតង គឺជាទ្រព្យសម្បត្តិមហាសាល" និងជាចំណុចចាប់ផ្ដើមនៃគំនិតផ្ដួចផ្ដើម "ការអភិវឌ្ឍតំបន់ជនបទដ៏ស្រស់ស្អាត" ធ្វើឱ្យតំបន់នេះឈានមុខគេក្នុងការអភិវឌ្ឍបៃតង និងជាគោលដៅអាទិភាពសម្រាប់យុវជនដែលផ្លាស់ទីមកបំពេញការងារក្នុងតំបន់ជនបទ។

សូមបញ្ជាក់ថា ផ្អែកលើទិន្នន័យឆ្នាំ ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) របស់ស្រុក Anji សម្រេចបាន ៧១,០៦ ពាន់លានយ័ន ក្នុងនោះ តម្លៃទិន្នផលឧស្សាហកម្មសរុបនៃសហគ្រាសខ្នាតធំ (សហគ្រាសដែលមានចំណូលលក់ប្រចាំឆ្នាំលើសពី ២០ លានយ័ន) មានចំនួន ១២៤,២៥ ពាន់លានយ័ន។ ចំណែកឯប្រាក់ចំណូល មធ្យមសម្រាប់ (Per Capita Disposable Income) របស់ប្រជាជនក្នុងក្រុងសម្រេចបាន ៧៧.៩៧២ យ័ន ខណៈដែលប្រជាជននៅជនបទសម្រេចបាន ៥១.១៨០ យ័ន៕

ដោយ៖ ទូច វលក័្ខណ





