អ្នកការទូតកំពូលសហរដ្ឋអាមេរិកមិនចូលរួមកិច្ចចរចាជាមួយអ៊ីរ៉ង់ទេ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ប្រហែលជាបានបដិសេធដោយចេតនាមិនចូលរួមកិច្ចចរចាអ៊ីរ៉ង់នៅក្នុងប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Financial Times។
កាសែតនេះបានកត់សម្គាល់ថា លោក រូប៊ីអូ បានអវត្តមានក្នុងអំឡុងពេលដំណើរទស្សនកិច្ចទាំងពីររបស់គណៈប្រតិភូអាម៉េរិកទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ។ យោងតាមសាស្ត្រាចារ្យ ស្តេហ្វេន វ៉លត៍ (Stephen Walt) មកពីសាកលវិទ្យាល័យហាវ៉ាដ បានឱ្យដឹងថា អ្នកការទូតកំពូលអាម៉េរិករូបនេះគ្រាន់តែមិនចង់ជាប់ពាក់ព័ន្ធនឹងការបរាជ័យក្នុងជម្លោះជាមួយអ៊ីរ៉ង់ប៉ុណ្ណោះ។
នៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់។ នៅថ្ងៃទី០៧ ខែមេសាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសបទឈប់បាញ់ទៅវិញទៅមករយៈពេលពីរសប្តាហ៍ជាមួយទីក្រុងតេអេរ៉ង់។ យោងតាមភាគីអ៊ីរ៉ង់ បានឱ្យដឹងថា ជនជាតិអ៊ីរ៉ង់សរុបចំនួន៣.៣៧៥នាក់បានស្លាប់ដោយសារតែការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក្នុងរយៈពេល ៤០ថ្ងៃនៃសង្គ្រាម។ នៅថ្ងៃទី១១ ខែមេសា អ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានធ្វើកិច្ចចរចាជាច្រើនជុំនៅទីក្រុងអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន។ ទាំងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានរាយការណ៍ថា ភាគីទាំងពីរបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀង ស្តីពីការដោះស្រាយរយៈពេលវែងដោយសារតែភាពផ្ទុយគ្នាមួយចំនួន។ នៅថ្ងៃទី២១ ខែមេសា មេដឹកនាំអាម៉េរិកបានប្រកាសនៅលើបណ្តាញសង្គមTruth Social ថា ទីក្រុងវ៉ាស៊ីនតោនមានបំណងពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដែលត្រូវបានកំណត់ឱ្យផុតកំណត់កាលពីថ្ងៃអាទិត្យ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានឱ្យដឹងថា ទីក្រុងតេអេរ៉ង់មិនមានបំណងគោរពតាមការបន្តបទឈប់បាញ់ដែលបានប្រកាសជាឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោននោះទេ ហើយខ្លួននឹងផ្តល់អាទិភាពដល់ផលប្រយោជន៍ផ្ទាល់របស់ជាតិខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





