មន្ត្រីការពារជាតិជាន់ខ្ពស់រុស្ស៊ី មកដល់កូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ច
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ -- ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក អង់ដ្រេយ បេលូសូវ (Andrey Belousov) បានទៅដល់ប្រទេសកូរ៉េខាងជើងហើយក្នុងដំណើរទស្សនកិច្ចការងារមួយ ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូល និងបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ មន្ត្រីការពារជាតិកំពូលរបស់រុស្ស៊ីនឹងជួបជាមួយថ្នាក់ដឹកនាំកំពូល និងបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើងនៅទីក្រុងព្យុងយ៉ាង។ លោកក៏នឹងចូលរួមក្នុងពិធី និងព្រឹត្តិការណ៍រំលឹកវិញ្ញាណក្ខន្ធផងដែរ»។
នៅឯអាកាសយានដ្ឋានព្យុងយ៉ាង រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីត្រូវបានទទួលស្វាគមន៍ដោយសមភាគីកូរ៉េខាងជើង គឺលោកឧត្តមសេនីយ៍កងទ័ពណូ ក្វាងចុល (No Kwang Chol)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





