ក្រុមនារីភ្នំពេញក្រោន វិលត្រឡប់មកការពារម្ចាស់ជើងឯកបាល់ទាត់លីគនារីកម្ពុជា រដូវកាលថ្មី ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦--ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកខេមបូឌនាលីគនារី ឆ្នាំ២០២៦ នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតរដូវកាលថ្មី នាចុងសប្តាហ៍នេះ ដោយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ មាន២ប្រកួត និងថ្ងៃអាទិត្យ ទី២៦ ខែមេសា មាន២ប្រកួតដូចគ្នា ខណៈក្រុមនារីភ្នំពេញក្រោន ដែលជាក្រុមការពារម្ចាស់ជើងឯកឆ្នាំចាស់បានប្រកាសពីការចូលរួមជាមួយនឹងការត្រៀមខ្លួនយ៉ាងល្អ ក្នុងការវិលត្រឡប់មកការពារតំណែងជើងឯករបស់ខ្លួន។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានរៀបចំកិច្ចប្រជុំស្តីពីច្បាប់ និងបទបញ្ជាការប្រកួត ខេមបូឌានលីគនារី ឆ្នាំ២០២៦ ក្នុងខែមេសា ឆ្នាំ២០២៦ ដែលបានធ្វើឡើងយ៉ាងហ្មត់ចត់ ក្រោមការដឹកនាំរបស់លោកស្រី ពុធ ធីតា។ នេះគឺជាសញ្ញាណវិជ្ជមានក្នុងការអភិវឌ្ឍសមត្ថភាពកីឡាការិនីតាំងពីកម្រិតយុវតី (U16) រហូតដល់កម្រិតអាជីព ក្នុងគោលដៅជំរុញវិស័យបាល់ទាត់នារីនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

ការប្រកួតបាល់ទាត់ជម្រើសជើងឯកខេមបូឌនាលីគនារី ឆ្នាំ២០២៦ មានបេក្ខភាព ៨ក្រុមចូលរួម រួមមានក្រុមការពារជើងឯក ភ្នំពេញក្រោន ក្រុមជើងឯករងឆ្នាំចាស់ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៏ បឹងកេត សៀមរាបអេហ្វស៊ី មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងក្រុម XO United។ យោងតាមកម្មវិធីប្រកួតរដូវកាលថ្មី នៃលីគកំពូលនារីនៅកម្ពុជានេះដែរ នឹងប្រើរូបមន្ដប្រកួតថ្មី ដោយក្រុមទាំង៨ត្រូវជួបគ្នាសន្សំពិន្ទុចំនួន២ជុំ ហើយក្រោយបញ្ចប់ការប្រកួតទាំងពីរជុំ គឺ៤ក្រុមលើកកំពូលតារាង (Top 4) នឹងត្រូវប្រកួតខ្វែងគ្នា ដោយក្រុមឈរលេខ១ ប៉ះក្រុមឈរលេខ៤ និងក្រុមឈរលេខ២ ត្រូវជួបក្រុមឈរលេខ៣ ដើម្បីស្វែងរកក្រុមឈ្នះៗឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមជើងឯក៕


ដោយ ហេង ណាលីន (រូបភាព៖ លីគនារីកម្ពុជា-FFC)





