ថ្នាក់ដឹកនាំក្រសួងអប់រំណែនាំឱ្យអ្នកពាក់ព័ន្ធនឹងការប្រកួត កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ពង្រឹងស្មារតីទទួលខុសត្រូវខ្ពស់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់អនុសាសន៍ណែនាំនូវគន្លឹះសំខាន់ៗជាច្រើនចំណុច ដើម្បីជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអ្នករៀបចំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីវ័យក្មេងចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ពីថ្ងៃទី០២-០៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ពង្រឹងស្មារតីចូលរួមទទួលខុសត្រូវខ្ពស់ ក្នុងន័យជំរុញឱ្យព្រឹត្តិការណ៍ដ៏ធំមួយនេះដំណើរការដោយរលូន និងជោគជ័យ។

នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំការប្រកួត និងចាប់ឆ្នោតចែកពូលប្រភេទកីឡាក្រុម នៃការចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៊ូ ជុំសេរី បានផ្តល់អនុសាសន៍ណែនាំនូចំណុចសំខាន់ៗមួយចំនួន ក្នុងនោះមានដូចជាការពង្រឹងស្មារតីទទួលខុសត្រូវ និងការត្រៀមលក្ខណៈសម្បត្តិលើការដឹកនាំ និងការគ្រប់គ្រង ដោយសូមឱ្យប្រតិភូកីឡារាជធានីខេត្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសិស្សានុសិស្ស ដែលជាកុមារតូចៗកម្រិតបឋមសិក្សា ដែលត្រូវធានាលើការស្នាក់នៅ ហូបចុក និងសុវត្ថិភាពក្នុងការធ្វើដំណើរជាដើម។ ត្រូវចូលរួមគោរពបទបញ្ជាការប្រកួត និងក្រមសីលធម៌ឱ្យបានល្អប្រសើរ។

ឯកឧត្តមអនុរដ្ឋលេខាធិការបន្ថែមថា ព្រឹត្តិការណ៍នេះត្រូវធ្វើឡើងក្នុងស្មារតីលើកកម្ពស់តម្លាភាព យុត្តិធម៌ សុខុមាលភាពរបស់កីឡាករ កីឡាការិនី ដោយគណៈកម្មការរៀបចំការប្រកួតត្រូវដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការហាមឃាត់ការប្រើប្រាស់សារធាតុលើកកម្លាំង ដូពីងជាដើម។ ឯកឧត្តមសង្កត់ធ្ងន់ថា គោលដៅនៃការប្រកួត ត្រូវចងចាំថា ការប្រកួតនេះមិនមែនផ្តោតតែលើការចាញ់ឈ្នះ និងមេដាយមួយមុខប៉ុណ្ណោះទេ ប៉ុន្តែជាការវាស់ស្ទង់សមត្ថភាពនៃការបណ្តុះបណ្តាលកីឡានៅតាមបណ្តារាជធានីខេត្ត,បង្កើនមិត្តភាព រវាងសិស្ស និងសិស្ស គ្រូ និងគ្រូ មកពីគ្រប់ទិសទី។ ស្វែងរកធនធានកីឡាករកីឡាការិនីឆ្នើមៗ ដើម្បីបន្តបណ្តុះបណ្តាលទៅជាកីឡាករជម្រើសជាតិ សម្រាប់ថ្ងៃអនាគត។

ជាមួយគ្នានេះ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានជម្រាបជូនថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ នឹងធ្វើឡើងចាប់ពីថ្ងៃទី០២-០៩ ខែឧសភា ឆ្នាំ២០២៦ ដោយរៀបចំលើ១២ប្រភេទកីឡា ស្មើនឹង ៦២វិញ្ញាសា ដូចជាកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT ប៉េតង់ ល្បុក្កតោ ហែលទឹក គុនដាវ និងចំបាប់។ ចំពោះការចូលរួម មានប្រតិភូកីឡាចូលរួមសរុបមកពី២៥រាជធានី-ខេត្ត សរុប ២៦៨៩នាក់ ក្នុងនោះប្រតិភូ អ្នកដឹកនាំ ៦០៦នាក់ កីឡាករ ១២០២នាក់ និងកីឡាការិនី ៨៨១នាក់។

លោក ហួត សេងទ្រី គូសបញ្ជាក់ថា ចំពោះទីលានប្រកួតមាន១០ទីលានប្រកួត នៅរាជធានីភ្នំពេញ ក្នុងនោះនៅពហុកីឡដ្ឋានជាតិអូឡាំពិរៀបចំប្រភេទកីឡាច្រើនជាងគេ រហូតដល់ ៨ប្រភេទកីឡា។ ចំពោះពិធីបើកជាផ្លូវការគ្រោងនឹងធ្វើឡើងនារសៀលម៉ោង ៣:០០ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ។ រីឯពិធីបិទជាផ្លូវការគ្រោងនឹងធ្វើឡើង ម៉ោង ៣:០០ រសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ ដូចគ្នា៕

ដោយ ហេង ណាលីន





