រដ្ឋបាលក្រុងសំរោងចុះពិនិត្យស្ថានភាពផ្លូវលំមួយខ្សែ នៅភូមិឈូក សង្កាត់សំរោង ដើម្បីរៀបចំផែនការស្ថាបនា
AKP ឧត្តរមានជ័យ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ -- លោក ហុង សុផាន ប្រធានការិយាល័យនីតិកម្ម និងសណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយអាជ្ញាធរសង្កាត់សំរោង និងមេភូមិឈូក នាព្រឹកថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ បានចុះពិនិត្យស្ថានភាពផ្លូវលំមួយខ្សែ ដែលស្ថិតនៅខាងត្បូងខ្លោងទ្វារវត្តធម្មយុត្តិ ក្នុងភូមិឈូក សង្កាត់សំរោង ខេត្តឧត្តរមានជ័យ ដើម្បីរៀបចំផែនការស្ថាបនា។

លោក ហុង សុផាន បានថ្លែងថា ការរកដំណោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋ គឺជាបេសកកម្មស្នូលរបស់អាជ្ញាធរមូលដ្ឋាន ក្នុងគោលដៅលើកកម្ពស់ជីវភាព និងភាពងាយស្រួលក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ លោកបានបន្តថា លទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្ដែង ផ្លូវមួយខ្សែនេះ (ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦៨ ទៅផ្លូវលេខ១៦) មានប្រវែងប្រមាណ ២៦៤ម៉ែត្រ ក្នុងគម្រោងភូមិបាល។ បច្ចុប្បន្ន ផ្លូវនេះមានសភាពលំបាកក្នុងការធ្វើដំណើរទាំងរដូវប្រាំង និងរដូវវស្សា (ទឹកលិច) ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រមាណ ២៥គ្រួសារ។ លោកបានបន្ថែមថា ជាការឆ្លើយតបតាមសំណូមពរ ការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីទទួលបានសំណូមពររបស់បងប្អូនប្រជាពលរដ្ឋតាមរយៈប្រអប់សំបុត្រការិយាល័យប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ដើម្បីស្វែងរកដំណោះស្រាយជាក់ស្ដែង។

លោកប្រធានការិយាល័យបន្តទៀតថា វិធានការចំពោះមុខ ក្រុមការងារពិភាក្សាលើកជាផ្លូវដីធម្មតាសម្រាប់ប្រើប្រាស់បណ្ដោះអាសន្នសិន ហើយរដ្ឋបាលសង្កាត់សំរោង នឹងរៀបចំសំណើដាក់បញ្ជូលក្នុងគម្រោងអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៧ ខាងមុខ៕

ដោយ៖ ទិត ស្រ៊





