លោក ស៊ី ជួបជាមួយបេសកជនពិសេសរបស់មេដឹកនាំឡាវលោក ថងលួន
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ -- លោក ស៊ី ជីនពីង Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន(CPC) និងជាប្រធានាធិបតីចិន បានជួបជាមួយលោក សាឡឹមសាយ កុមម៉ាសិទ្ធ (Saleumxay Kommasith) ដែលជាបេសកជនពិសេសរបស់អគ្គលេខាធិការគណៈកម្មាធិការកណ្តាលបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) និងជាប្រធានាធិបតីឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។
លោក ស៊ី បានចង្អុលបង្ហាញថា ការបញ្ជូនបេសកជនពិសេសទៅវិញទៅមកដោយបក្សកុម្មុយនិស្តចិន និងបក្សប្រជាជនបដិវត្តន៍ឡាវដើម្បីជម្រាបជូនគ្នាទៅវិញទៅមកអំពីរបៀបវារៈនយោបាយសំខាន់ៗ បង្ហាញពីមិត្តភាពប្រពៃណីដ៏ជ្រាលជ្រៅ និងការជឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយកម្រិតកំពូលរវាងភាគីទាំងពីរ។
ដោយកត់សម្គាល់ថា ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃចំណងការទូតរវាងប្រទេសទាំងពីរ និងមិត្តភាពចិន-ឡាវ លោក ស៊ី បានមានប្រសាសន៍ថាមិនយូរប៉ុន្មានទេ លោក និងលោក ថងលូន បានឈានដល់ការឯកភាពគ្នាតាមរយៈលិខិតផ្លាស់ប្តូរស្តីពីការពង្រឹងការកសាងសហគមន៍ចិន-ឡាវ ដែលមានអនាគតរួមគ្នា។
លោក ស៊ី បានសង្កត់ធ្ងន់ថា នៅចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មីនេះប្រទេសចិន និងឡាវ គួរតែអនុវត្តន៍តាមគោលនយោបាយស្ថិរភាពរយៈពេលវែង ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ព្រមទាំងស្មារតីនៃការធ្វើជាអ្នកជិតខាងល្អ មិត្តល្អ សមមិត្តល្អ និងដៃគូល្អ។
លោក សាឡឹមសាយ ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្ស LPRP និងជាឧបនាយករដ្ឋមន្ត្រីឡាវ បាននាំយកលិខិតមួយច្បាប់ពីលោក ថងលូន ជូនទៅកាន់លោក ស៊ី និងបានជម្រាបជូនលោកអំពីស្ថានភាពពាក់ព័ន្ធនៃសមាជជាតិលើកទី១២ នៃគណៈកម្មាធិការកណ្តាលបក្ស LPRP។
លោក សាឡឹមសាយ បានកត់សម្គាល់ថា ប្រទេសចិនបានរក្សាបរិយាកាសនយោបាយ និងសង្គមក្នុងស្រុកដែលមានសុវត្ថិភាព និងស្ថិរភាពអស់រយៈពេលជាយូរមកហើយ និងបានបង្កើតអព្ភូតហេតុនៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងឆាប់រហ័ស ហើយតួនាទី និងឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិត្រូវបានពង្រឹងជាបន្តបន្ទាប់។
ប្រទេសឡាវគាំទ្រយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើមសកលសំខាន់ៗដែលស្នើឡើងដោយអគ្គលេខាធិការ លោក ស៊ី ជីនពីង ហើយមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងជាក់ស្តែងជាមួយប្រទេសចិន ដើម្បីសម្រេចបានលទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងការកសាងសហគមន៍ឡាវ-ចិន ដែលមានអនាគតរួមគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





