ពិធីបើកវគ្គបំពាក់បំប៉នបច្ចេកទេសស្តីពីការងារសម្របសម្រួលព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម
AKP កំពង់ធំ ថ្ងៃទី២១ខែមេសា ឆ្នាំ២០២៦-- នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំនាព្រឹកថ្ងៃ ទី២១ខែមេសាឆ្នាំ២០២៦បានប្រារព្ធពិធីបើកវគ្គបំពាក់បំប៉នបច្ចេកទេសស្តីពី“ការងារសម្របសម្រួលព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម” ក្រោមអធិបតីភាព ឯកឧត្តម ងួន រាសី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១៥២នាក់ (ស្រី៤៨នាក់)។

វគ្គបំពាក់បំប៉ននេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងជូនដល់សិក្ខាកាម ពាក់ព័ន្ធនឹងការងារសម្របសម្រួលព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានឱ្យមានប្រសិទ្ធភាព ព្រមទាំងការប្រើប្រាស់បណ្តាញផ្សព្វផ្សា យសង្គមឱ្យបានត្រឹមត្រូវសមស្របនិងទាន់សភាពការណ៍នាពេលបច្ចុប្បន្ន។

ឯកឧត្តម ងួន រាសី បានមានប្រសាសន៍លើកឡើងអំពីសារៈសំខាន់នៃការងារព័ត៌មាន និងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ក្នុងការផ្សព្វផ្សាយសកម្មភាពនានា ក៏ដូចជាការបញ្ជូនព័ត៌មានឱ្យបានទាន់ពេលវេលា មានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព។

ឯកឧត្តមបានជំរុញឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តជាក់ស្តែងក្នុងការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។វគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពការងារសម្របសម្រួលព័ត៌មាន និងការផ្សព្វផ្សាយតាមបណ្តាញសង្គមឱ្យកាន់តែមានប្រសិទ្ធភាពនិងទូលំទូលាយបន្ថែមទៀត៕

ដោយ៖ ស៊ុម វណ្ណា





