ឯកឧត្តម ប៉ែន បូណា៖ ភាពសប្បាយរីករាយ និងចលនាទេសចរក្នុងស្រុកនិង ទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី បង្ហាញពីសកម្មភាពសង្គម-សេដ្ឋកិច្ច រស់រវើក
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦--អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ភាពសប្បាយរីករាយ និងចលនាទេសចរក្នុងស្រុក ក៏ដូចជាទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកន្លងទៅនេះ ក៏បានបង្ហាញពីសកម្មភាពសង្គម-សេដ្ឋកិច្ច យ៉ាងរស់រវើក ខណៈដែលការដោះស្រាយវិបត្តិប្រេងឥន្ធនៈបានល្អក៏ដូចជាការផ្តល់មធ្យោបាយដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងអំឡុងបុណ្យចូលឆ្នាំ បានបង្ហាញពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ដើម្បីជួយសម្រាលជីវភាពប្រជាពលរដ្ឋ និងដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចកម្សាន្តសប្បាយក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ក៏ដូចជារក្សាលំនឹងជីវភាពរបស់ខ្លួន។
ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការរក្សាបាននូវដំណើរការប្រក្រតីនៃសង្គម-សេដ្ឋកិច្ច ក្នុងស្ថានភាពដ៏លំបាកបែបនេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែ វាគឺជាលទ្ធផលនៃការដឹកនាំ ចាត់ចែងត្រឹមត្រូវ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា។
នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីបិទបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង/ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមនិងបំពេញភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងសេចក្តីសុខសុវត្ថិភាពសម្រាប់ប្រជាជនខ្មែរនិងភ្ញៀវទេសចរណ៍។
សម្តេចធិបតីបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញ និងសង្ក្រាន្តទូទាំងប្រទេសគឺដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណី ថែរក្សាអត្តសញ្ញាណជាតិខ្មែរ និងបម្រើដល់ស្នាមញញឹមមហាគ្រួសារខ្មែរ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយជាមួយនឹងជួរមុខជាប់ជានិច្ច ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់វីរកងទ័ពទាំងអស់ ដែលនៅកំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី និងភារកិច្ចរបស់ខ្លួននៅគ្រប់ទីតាំង ដើម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមផ្ទះបណ្តោះអាសន្នដែលរាជរដ្ឋាភិបាលបានរៀបចំ។
ជារួម រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងគិតគូរគ្រប់ជ្រុងជ្រោយ គ្រប់វិស័យ ទាំងការទូត សេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ និងវិស័យផ្សេងៗទៀតដោយមិនបានទុកចោលវិស័យណាមួយឡើយ។ ទន្ទឹមនឹងនោះ កិច្ចការពារបូរណភាពទឹកដី និងប្រជាជន នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលជានិច្ច៕

ដោយ៖ គង់ សិរីរ័ត្ន





