ការប្រកួតកីឡាអុកចត្រង្គ និងការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្ត ៦ថ្ងៃទទួលបានការគាំទ្រយ៉ាងផុសផុល
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦--រយៈពេល ៦ថ្ងៃ នៃការប្រកួតកីឡាអុកចត្រង្គ និងការសម្តែងយុទ្ធគុនខ្មែរបុរាណ ក្នុងព្រឹត្តិការណ៍«នគរសង្ក្រាន្ដ» ឆ្នាំ២០២៦ ទទួលបានការគាំទ្រយ៉ាងផុសផុលពីភ្ញៀវជាតិ និងអន្តរជាតិ ដែលបង្ហាញពីការលើកកម្ពស់គុណតម្លៃកីឡាអត្តសញ្ញាណជាតិ។

នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបិទ ការប្រកួតអុកចត្រង្គ នៅភូមិវប្បធម៌នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦។

ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា ការប្រកួតផ្នែកអុកចត្រង្គ ឆ្នាំនេះមានការប្រកួតប្រជែងកម្រិតកាន់តែខ្ពស់ៗជាងឆ្នាំមុនៗ ដោយសារតែការប្រកួតកន្លងមក ក្នុងវគ្គជម្រុះវគ្គ៨៨នាក់ ជាពិសេសវគ្គ៨នាក់ចុងក្រោយ ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦មានលក្ខណៈពិសេសៗច្រើន ដោយកីឡាករទាំងអស់សុទ្ធតែបង្ហាញពីគុណភាពបច្ចេកទេសនៃការប្រកួតស្វិតស្វាញយ៉ាងខ្លាំង ជាពិសេសមិនឈ្នះចាញ់គ្នាច្រើននោះទេ ពោលគឺភាគច្រើនស្មើគ្នា។ រីឯការប្រកួតជើងឯកកុមារ ក៏មានភាពលេចធ្លោខ្លាំងផងដែរ ដែលការប្រកួតរបស់កុមារាទាំងនោះបានបង្ហាញពីបច្ចេកទេសក្នុងការលេងយ៉ាងខ្លាំងក្លា រហូតដល់គណៈកម្មការរកឃើញជ័យលាភី។

ឯកឧត្តមគូសបញ្ជាក់ជូនថា ចំពោះផ្នែកការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណ មានក្បាច់គុនល្បុក្កតោ ក្រពើហារ ខ្លាក្រាប គុនដំបង ក្បាច់គុនកងយោធពលខេមរភូមិន្ទ យុទ្ធគុនខមជាដើម ដោយមានកម្លាំងកីឡាករ កីឡាការិនីចូលរួមសរុប ជាង ១០០នាក់ សម្តែងក្នុងរយៈពេល៦ថ្ងៃមកនេះត្រូវបានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរីចម្រើនបន្ថែមទឿត។ ការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណ នៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាមានភាពទាក់ទាញ និងគាំទ្រយ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា កម្លាំងកីឡាករ កីឡាការិនីជាង១០០នាក់នេះនឹងបែងចែកទៅតាមក្រុមនីមួយៗ នៅឈរនៅទីតាំងជាច្រើន ក្នុងនោះមានទីតាំងអចិន្ត្រៃយ៍មួយ ស្ថិតនៅក្នុងភូមិវប្បធម៌ (ក្រោយផ្សាររាត្រី)។ ចំពោះក្រុមផ្សេងៗទៀត នឹងសម្តែងនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ (Walk Street) ដូចជាការសម្តែងនូវទស្សនីយភាពដើរក្បួនជាទ័ពបុរាណ ដើម្បីបង្ហាញទស្សនីយភាពប្លែកៗជូនបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទស្សនា ព្រឹត្តិការណ៍នគរសង្រ្កាន្ត នៃពិធីបុណ្យចូលឆ្នាំថ្មីផង និងផ្សព្វផ្សាយជូនដល់ភ្ញៀវជាតិ-អន្តរជាតិនូវសក្តានុពលក្បាច់គុនខ្មែរបុរាណរបស់យើងផង៕

ដោយ ហេង ណាលីន





