កីឡាករ សុខ លីមហេង ឈ្នះជើងឯកស្តេចអុកព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦--នៅទីបំផុត កីឡាករ សុខ លីមហេង បានឈ្នះពានរង្វាន់ស្តេចអុក នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ ម្តងទៀត ដែលជាការឈ្នះស្តេចអុក លើកទី៣ បន្ទាប់ពីបានយកឈ្នះកីឡាករ ជា ស៊ីដេត នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជាជ័យលាភីការពារស្តេចអុក ឆ្នាំ២០២៥ កន្លងទៅ។

នេះជាការប្រកួតស្តេចអុក និងជើងឯកកុមារនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយព្រឹត្តិការណ៍នគរសង្ក្រាន្តនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម រយៈពេល៦ថ្ងៃ នៅរាជធានភ្នំពេញ។ ជើងខ្លាំងវ័យក្មេង សុខ លីមហេង ជាស្តេចអុកអង្គរសង្រ្កាន្ត ២សម័យកាល ឆ្នាំ២០១៨ និងឆ្នាំ២០២៣ ហើយគ្រងជើងឯក ស្តេចអុក លើកទី៣ ក្នុងព្រឹត្តិការណ៍នគរសង្គ្រាន ឆ្នាំ២០២៦ ខណៈកីឡាករ ជា ស៊ីដេត ស្តេចអុកអង្គរសង្រ្កាន្ត ១សម័យកាល ឆ្នាំ២០២៥។ ប្រវត្តិជួបគ្នា ឆ្នាំ២០២៥កន្លងទៅ ក្នុងកម្មវិធីអង្គរសង្រ្កាន្ត ២០២៥ ជា ស៊ីដេត យកឈ្នះសុខ លីមហេង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឡែកនៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ សុខ លីមហេង បានយកឈ្នះ ជា ស៊ីដេត នៅវគ្គផ្តាច់ព្រ័ត្រ។

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញនេះ ធ្វើឡើងក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេសនិងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ចំពោះលទ្ធផលជ័យលាភីការប្រកួតអុកចត្រង្គ ផ្នែកជើងឯកកុមារ រួមមាន៖ ជើងឯក កុមារា សេង វុត្រាជើងឯករង កុមារា ជីង ផេងឡេង ចំណាត់ថ្នាក់លេខ៣ កុមារា ឈាវ បូរិន្ទ។ កុមារទាំង៣នាក់បានបរិច្ចាកថវិកា ៣០% នៃប្រាក់រង្វាន់ទទួលបានជូនដល់វីរកងទ័ពជួរមុខ ដើម្បីជាការដឹងគុណដល់ស្មារតីលះបង់របស់ពួកគាត់។ ចំណែកឯផ្នែកផ្នែកមហាជន (ស្តេចអុក) ជ័យលាភីបានចូលរួមបរិច្ចាគថវិកាប្រាក់រង្វាន់ជ័យលាភី ៥០%ជូនដល់វីរកងទ័ពជួរមុខ៕

ដោយ ហេង ណាលីន





