ឯកឧត្តម អ៊ុច បូររិទ្ធ ថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតលើកទី១៥២ របស់សហភាពអន្តរសភា (IPU)
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦–ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតលើកទី១៥២ របស់សហភាពអន្តរសភា (IPU) ក្រោមមូលបទ «ការពូនជ្រុំក្ដីសង្ឃឹម ការថែរក្សាសន្តិភាព និងធានាយុត្តិធម៌សម្រាប់អ្នកជំនាន់ក្រោយ» នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគីយេ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសន្ទរកថាគន្លឹះទៅកាន់អង្គសន្និបាតចំនួនចំណុចដូចខាងក្រោម៖
១. ក្នុងបរិបទសកលលោកដែលពោរពេញទៅដោយការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រកបដោយសភាពខុសប្លែកៗគ្នា និងកាន់តែមានគ្រោះថ្នាក់ ប្រធានបទរបស់យើងមិនត្រឹមតែមានភាពសមស្របតាមកាលៈទេសៈប៉ុណ្ណោះទេ តែជាការរំលឹកដ៏ឧឡារិកអំពីទំនួលខុសត្រូវដែលយើងមានក្នុងនាមជាសភាក្នុងការលើកកម្ពស់សច្ចធម៌ ការពារសន្តិភាព និងការពារនីតិរដ្ឋនៅពេលដែលគុណតម្លៃអស់ទាំងនេះកំពុងប្រឈមនឹងហានិភ័យបំផុត។
២. សម្រាប់កម្ពុជា សេចក្តីប្រាថ្នាទាំងនេះមិនមែនត្រឹមតែជាទស្សនទានអរូបិយប៉ុណ្ណោះទេ ប៉ុន្តែគឺជាមេរៀនដែលទទួលបានដោយលំបាក និងត្រូវបានបណ្តុះចេញពីក្នុងភ្នក់ភ្លើងជម្លោះ សោកនាដកម្ម និងការរស់ឡើងវិញរបស់ប្រទេសជាតិ។ តាមរយៈបទពិសោធន៍ទាំងនេះ យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា សន្តិភាពយូរអង្វែងអាចរីកចម្រើនទៅបាន លុះត្រាតែមានការប្តេជ្ញាចិត្តឥតងាករេចំពោះសច្ចធម៌ យុត្តិធម៌ និងនីតិរដ្ឋមិនលម្អៀង។
៣. មេរៀនប្រវត្តិសាស្ត្រ និងបទពិសោធន៍ដែលទទួលបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងក្រៅតំបន់ បានបញ្ជាក់យ៉ាងច្បាស់នូវសច្ចភាពដ៏សំខាន់គឺ៖ “សេចក្តីសង្ឃឹម» ដែលខ្វះការទទួលខុសត្រូវ គ្រាន់តែជាការបោកបន្លំ និងជាសុបិនដែលត្រូវរលាយសាបសូន្យ នៅពេលត្រូវប្រឈមនឹងការពិត។
៤. “សេចក្តីសង្ឃឹម» អាចស្ថិតស្ថេរទៅបាន លុះត្រាតែ «ការពិត” ត្រូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន ហើយ «ការពិត» មិនអាចសម្រេចបាននោះទេ ប្រសិនបើប្រវត្តិសាស្ត្រត្រូវបានបំភ្លៃដោយចេតនាទៅជាការភូតកុហក ដើម្បីបម្រើផលប្រយោជន៍នយោបាយចង្អៀតចង្អល់ ដែលបង្កជាការសាបព្រោះគ្រាប់ពូជកំហឹងនិងជម្លោះរវាងប្រជាជាតិ ដែលវាសនាតម្រូវឱ្យរស់នៅក្បែរគ្នា។
៥. ដូចគ្នាដែរ មូលដ្ឋានគ្រឹះនៃយុត្តិធម៌» មិនអាចស្ថិតស្ថេរបានឡើយនៅពេលដែលនីតិរដ្ឋត្រូវបានប្រើប្រាស់ដោយជ្រើសរើស ឬត្រូវបានបោះបង់ចោលដើម្បីផលប្រយោជន៍ផ្ទាល់ មិនថាក្នុងក្របខ័ណ្ឌជាតិ ឬក្នុងទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យ។ ការអនុវត្តបែបនេះនឹងធ្វើឱ្យបាត់បង់ទំនុកចិត្តចំពោះគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពយូរអង្វែង។ យើងត្រូវប្តេជ្ញាចិត្តដោយឥតងាករេក្នុងការអនុវត្តច្បាប់អន្តរជាតិប្រកបដោយសង្គតិភាព ដោយគ្មានការភ័យខ្លាច ឬការយោគយល់។ ច្បាប់អន្តរជាតិគឺជាអាជ្ញា
កណ្តាលមិនលម្អៀងដែលការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់គ្រប់ប្រជាជាតិទាំងអស់ ដោយមិនប្រកាន់ប្រទេសធំ ឬតូចនោះឡើយ។
៦. ការប្តេជ្ញាចិត្តចំពោះសង្គតិភាពនេះ ក៏ត្រូវតែគ្រប់គ្រងលើការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី និងអន្តរជាតិផងដែរ។ ជាការពិតណាស់ ស្ថិរភាពក្នុងតំបន់គឺអាស្រ័យទៅលើការគោរពឥតងាករេចំពោះសន្ធិសញ្ញា និងការរៀបចំព្រំដែននានាដែលបានបង្កើតឡើងរួចហើយ។ សន្តិភាពមិនអាចរក្សាបានឡើយ នៅពេលដែលក្របខ័ណ្ឌទាំងនេះត្រូវបានបកស្រាយខុសៗគ្នា ឬអនុវត្តដោយគ្មានសង្គតិភាព។ ស្រដៀងគ្នានេះដែរ បទឈប់បាញ់ត្រូវតែបានគោរពឱ្យបានទាំងខ្លឹមសារ និងស្មារតី ដែលជាការសន្យាដ៏មានអត្ថន័យចំពោះសន្តិភាព ជាជាងគ្រាន់តែជាការផ្អាកប្រយុទ្ធមួយគ្រា ដើម្បីកែសម្រួលយុទ្ធសាស្ត្រ។
៧. កាលណាសកម្មភាពនៅលើទីលានជាក់ស្តែង មានភាពផ្ទុយគ្នាពីការយល់យោគគ្នាដែលសម្រេច បានតាមរយៈការសន្ទនាវានឹងធ្វើឱ្យចុះខ្សោយនូវទំនុកចិត្តដោយជៀសមិនរួច។ នៅក្នុងបរិបទនេះ សកម្មភាពនៅក្នុងតំបន់ដែលងាយរងគ្រោះត្រូវតែអនុវត្តដោយការប្រុងប្រយ័ត្ន និងការអត់ធ្មត់ខ្ពស់បំផុត បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីកុំឱ្យប៉ះពាល់ដល់មាគ៌ាឆ្ពោះទៅរកការដោះស្រាយដែលភាគីទាំងសងខាងអាចទទួលយកបាន។
៨. លើសពីបច្ចេកទេសច្បាប់ និងការទូត យើងត្រូវតែនឹកឃើញដល់ការលំបាកវេទនារបស់ប្រជាជន និង ការបាត់បង់តម្លៃវប្បធម៌ ដែលបណ្តាលមកពីជម្លោះនោះផងដែរ។ ផលវិបាកទាំងនេះ ប៉ះពាល់ខ្លាំងបំផុតទៅលើប្រជាសហគមន៍ដែលយើងកំពុងបម្រើ។ សម្រាប់ប្រជាជនដែលផ្ទះសម្បែងរងការខូចខាត និងជីវិតត្រូវបានរងទុក្ខរង្គោះរង្គើដោយសារជម្លោះ បញ្ហាទាំងនេះមិនមែនជាក្តីបារម្ភបែបអរូបិយនោះទេ ប៉ុន្តែវាគឺជាការពិតដ៏ជូរចត់ ដែលកំពុងតែបំផ្លាញរាល់លទ្ធភាពនៃ "ការផ្សះផ្សារគ្នា"។ លើសពីនេះ ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការប្រមាថដល់ការទទួលខុសត្រូវរួមរបស់យើងក្នុងការថែរក្សាកេរដំណែលរបស់មនុស្សជាតិ ដែលជាទ្រព្យសម្បត្តិមានតម្លៃជាសកលមិនអាចកាត់ថ្លៃបាន និងហួសពីព្រំដែននៃប្រទេសនីមួយៗ។
៩.ផ្លូវខាងមុខពិតជាមានភាពលំបាកខ្លាំង ប៉ុន្តែបេសកកម្មរបស់យើងគឺច្បាស់លាស់ណាស់។ ប្រសិនបើយើងចង់បន្សល់ទុកនូវពិភពលោកមួយដែលពោរពេញដោយក្តីសង្ឃឹម និងយុត្តិធម៌សម្រាប់ជំនាន់ក្រោយ យើងត្រូវតែធ្វើសកម្មភាពដោយភាពម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។ យើងទាំងអស់គ្នាត្រូវរួបរួមកម្លាំងបញ្ញា និងភាពក្លាហាន ដើម្បីដោះស្រាយឫសគល់នៃជម្លោះ គោរពតាមការប្តេជ្ញាចិត្ត និងប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងឡាយ ដែលចងភ្ជាប់យើងក្នុងនាមជាសហគមន៍អន្តរជាតិ។
១០. មានតែការធ្វើបែបនេះប៉ុណ្ណោះ ទើបយើងអាចបំពេញកាតព្វកិច្ចចំពោះអ្នកជំនាន់ក្រោយដើម្បីឱ្យ ពួកគេរស់នៅក្នុងពិភពលោកដែលយើងបន្សល់ទុកឱ្យ គឺពិភពលោកមួយដែលសន្តិភាពមិនមែនគ្រាន់តែជាការយល់សប្តិ ប៉ុន្តែជាសន្តិភាពពិតប្រាកដដែលយើងទាំងអស់គ្នាអាចរស់នៅបានយ៉ាងសុខសាន្ត៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





