ឯកឧត្តម អ៊ុ រាត្រី នាំយកអំណោយមនុ ស្សធម៌កាកបាទក្រហមកម្ពុជា ជួយ សង្គ្រោះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ជាង ៤០០គ្រួសារ នៅស្រុកថ្មពួក
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦--- ក្នុងស្មារតី "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល" ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះជួបសំណេះ សំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយមហន្តរាយធម្មជាតិ។

កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី រួមជាមួយ លោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តិយសសាខាខេត្ត និងក្រុមការងារ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងផ្ដល់ជំនួយដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤៤១គ្រួសារ មកពីភូមិចំនួន៩ ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ផ្អែកតាមរបាយការណ៍ គ្រោះធម្មជាតិដែលបានកើតឡើងកាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ បានបង្កឱ្យមានការខូចខាតយ៉ាង ដំណំដល់លំនៅឋានប្រជាពលរដ្ឋសរុប៤៤១ ខ្នងបណ្តាលឱ្យមាន
ការខូចខាតដំបូល របើកស័ង្កសីអស់ចំនួន ៩,៦១១ សន្លឹក។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តម អ៊ុ រាត្រី បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ។
"អំណោយនាពេលនេះ ទោះបីមិនអាចប៉ះប៉ូវនូវរាល់ការខូចខាតទាំងស្រុងក៏ពិតមែន ប៉ុន្តែវាគឺជាសក្ខីភាពនៃទឹកចិត្តជួយគ្នា រំលែកទុក្ខលំបាកគ្នាក្នុងគ្រាអាសន្ន និងដើម្បីជួយទ្រទ្រង់ជីវភាពបងប្អូនបានមួយកម្រិត"។ នេះជា ប្រសាសន៍បន្ថែមឯកឧត្តម អ៊ុ រាត្រី។

ទន្ទឹមនឹងការចែកអំណោយ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិដែលពិបាកប៉ាន់ស្មានត្រូវតាមដានព័ត៌មានអាកាសធាតុត្រូវស្ដាប់ការណែនាំពីក្រសួងជំនាញជាប្រចាំនៅពេលមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ត្រូវកាត់ផ្ដាច់ចរន្តអគ្គិសនីក្នុងផ្ទះ ប្រសិនបើចាំបាច់ ដើម្បីបង្ការគ្រោះថ្នាក់អាយុជីវិត។

សកម្មភាពចុះជួយសង្គ្រោះយ៉ាងទាន់ ពេលវេលានេះ មិនត្រឹមតែបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរខេត្តបន្ទាយមានជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសណ្តានចិត្តដ៏សប្បុរស និងការមិនបោះបង់ពលរដ្ឋចោលរបស់រាជរដ្ឋាភិ បាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក្នុងគ្រប់កាលៈទេសៈទាំងអស់ ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ៕
ដោយ ឈុនសារ៉ាត





