ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យការស្នាក់នៅរបស់ពលរដ្ឋភៀសសឹកនៅស្រុកស្វាយចេក
AKP បន្ទាយមានជ័យថ្ងៃទី១៨ខែមេសាឆ្នាំ២០២៦---ស្ថិតក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះព្រំដែន កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីមទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើស្ថិតិប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំដែលមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា ការរៀបចំជម្រកបណ្ដោះអាសន្ននៅភូមិស្លក្រាម គឺជាកិច្ចអន្តរាគមន៍ដ៏ចាំបាច់បំផុត។
«ការរៀបចំនេះ គឺជាបទបញ្ជាផ្ទាល់ និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលបងប្អូនមិនទាន់អាចត្រឡប់ទៅលំនៅឋានដើមវិញបាន ដោយសារសកម្មភាពរំលោភបំពានដែនអធិបតេយ្យពីសំណាក់ភាគីថៃ»។ នេះជាប្រសាសន៍សង្កត់ធ្ងន់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី។

ឯកឧត្តមបានពន្យល់ថា ទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែភាគីថៃនៅតែបន្តដាក់បន្លាលួស និងទូកុងតឺន័របិទខ្ទប់ មិនឱ្យប្រជាពលរដ្ឋខ្មែរចូលទៅអាស្រ័យផលលើដីធ្លីស្របច្បាប់របស់ខ្លួនឡើយ។ ចំពោះបញ្ហានេះ ឯកឧត្តមបានផ្ដល់សេចក្ដីសង្ឃឹមដល់ពលរដ្ឋថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងផ្លូវច្បាប់ និងការទូត ដើម្បីទាមទារដីធ្លីជូនពលរដ្ឋវិញ។
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តថា រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរពាក់ព័ន្ធ ដើម្បីធានាឱ្យមានទឹកស្អាត ភ្លើងអគ្គិសនី និងស្បៀងអាហារបម្រុង។ មានការដាក់កម្លាំងការពារ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋក្នុងមណ្ឌល។ មានក្រុមគ្រូពេទ្យប្រចាំការដើម្បីពិនិត្យសុខភាពជូនចាស់
ជរា និងកុមារ ដែលងាយរងគ្រោះដោយសារអាកាសធាតុក្តៅខ្លាំងនាពេលនេះ។

ជាចុងក្រោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានផ្ដាំផ្ញើទៅកាន់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តធ្វើបច្ចុប្បន្នភាពស្ថិតិឱ្យបានច្បាស់លាស់ និងត្រូវមានវត្តមានជួយពលរដ្ឋភ្លាមៗនៅពេលមានតម្រូវការ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «មិនទុកឱ្យពលរដ្ឋណាម្នាក់រស់នៅដោយឯកោក្នុងស្ថានភាពលំបាកឡើយ»។
សកម្មភាពចុះផ្ទាល់នាពេលនេះ មិនត្រឹមតែជាការផ្ដល់ជម្រកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការការពារសិទ្ធិសេរីភាព និងអធិបតេយ្យភាពជាតិទល់មុខនឹងការឈ្លានពានពីខាងក្រៅ៕
ដោយ ៖ឈុនសារ៉ាត





