ឯកឧត្តម ប៉ែន បូណា៖ ទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីបានបិទបញ្ចប់ ក៏ប៉ុន្តែ ក្តីសប្បាយរីករាយនៅតែដក់ជាប់ក្នុងអារម្មណ៍ប្រជាពលរដ្ឋគ្រប់រូបមិនទាន់ចប់នៅឡើយទេ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦–ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃតាមទំនៀមទម្លាប់បានបិទបញ្ចប់កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក៏ដោយ ក៏ប៉ុន្តែ ក្តីសប្បាយរីករាយនៅតែដក់ជាប់ក្នុងអារម្មណ៍ប្រជាពលរដ្ឋគ្រប់រូបមិនទាន់ចប់នៅឡើយទេ។ នៅរាជធានីភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្ត ប្រជាពលរដ្ឋទាំងក្មេង ចាស់ ប្រុស ស្រី បាននិងបន្តចូលរួមកម្សាន្តសប្បាយយ៉ាងកុះករ។ នេះសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស បានត្រងត្រាប់ស្តាប់តាមប្រសាសន៍របស់ថ្នាក់ដឹកនាំ គឺសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានប្រកាសជំរុញលើកទឹកចិត្តខ្មែរគ្រប់គ្នាថា ទោះបីជាយើងមានរបួសផ្លូវកាយឬផ្លូវចិត្តក្តី តែយើងមិនត្រូវដេកដួលនៅមួយកន្លែងឡើយ។ ផ្ទុយទៅវិញ យើងត្រូវប្រឹងក្រោកឈរឡើង និងពង្រឹងខ្លួនឱ្យរឹងមាំឡើងដើម្បីក្លាយជាពលរដ្ឋឆ្នើមហើយរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរតែមួយ ទើបខ្មែរខ្លាំង។
ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសៅរ៍ ២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ប្រសាសន៍ដ៏មានអត្ថន័យរបស់ថ្នាក់ដឹកនាំកម្ពុជាបានក្លាយជាប្រទីបបំភ្លឺផ្លូវប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ជាក់ស្តែង នៅក្នុងប្រទេស គិតត្រឹមតែរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា មានប្រជាពលរដ្ឋដើរកម្សាន្តចំនួនប្រមាណជាជាង ២១លាននាក់ មានន័យថា ពលរដ្ឋម្នាក់អាចដើរលេងលើសពីមួយដងក្នុងនោះក៏មានភ្ញៀវទេសចរបរទេសជាង៧ម៉ឺននាក់ផងដែរ។ នេះបើយោងតាមតួលេខដែលកត់ត្រាដោយក្រសួងទេសចរណ៍។
ចំនួនប្រជាពលរដ្ឋដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយក្តីសប្បាយរីករាយនិងស្នាមញញឹម គឺជាសក្ខីភាពនៃសាមគ្គីភាពដ៏រឹងមាំនៃប្រជាជាតិខ្មែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជានិងក៏ជាសញ្ញាយ៉ាងច្បាស់ថា ក្រុមប្រឆាំងជ្រុលនិយមដែលព្យាយាមបន្ទុចបង្អាក់ពិធីបុណ្យចូលឆ្នាំថ្មី មិនត្រឹមតែគ្មានឥទ្ធិពលទៅលើសតិអារម្មណ៍ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានប្រជាពលរដ្ឋផាត់ចេញឱ្យនៅក្រៅសង្វៀនយ៉ាងឯកោបំផុត។ អាចនិយាយបានថា ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនផ្តល់តម្លៃដល់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសដែលនៅសេសសល់តិចតួចហើយដែលតែងតែមួលបង្កាច់ប្រសាសន៍របស់ថ្នាក់ដឹកនាំក្នុងចេតនាទុច្ចរិត និងជាពិសេសតែងតែធ្វើសកម្មភាព «ហុចដងដាវឱ្យសត្រូវ» ម្តងហើយម្តងទៀតដើម្បីកេងចំណេញនយោបាយទោះជាត្រូវបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯងក៏ដោយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង/ស្ថាប័ន និងកងកម្លាំងគ្រប់ប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តទាំងអស់ ព្រមទាំងក្រុមការងារពាក់ព័ន្ធ ដែលបានចូលរួមនិងបំពេញភារកិច្ចរបស់ខ្លួនដើម្បីធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរប្រព្រឹត្តទៅដោយភាពសប្បាយរីករាយនិងសេចក្តីសុខសុវត្ថិភាពសម្រាប់ប្រជាជនខ្មែរនិងភ្ញៀវទេសចរណ៍។
សម្តេចធិបតីបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញ និងសង្ក្រាន្តទូទាំងប្រទេសគឺដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណី ថែរក្សាអត្តសញ្ញាណជាតិខ្មែរ និងបម្រើដល់ស្នាមញញឹមមហាគ្រួសារខ្មែរ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយជាមួយនឹងជួរមុខជាប់ជានិច្ច ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់វីរកងទ័ពទាំងអស់ ដែលនៅកំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី និងភារកិច្ចរបស់ខ្លួននៅគ្រប់ទីតាំង ដើម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមផ្ទះបណ្តោះអាសន្នដែលរាជរដ្ឋាភិបាលបានរៀបចំ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននិងគ្រប់ជ្រុងជ្រោយ។ ជាក់ស្តែង ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលនេះ មិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះក៏រួមចំណែកធ្វើឱ្យចរន្តសេដ្ឋកិច្ចដើរតាមរយៈចលនាទេសចរណ៍ក្នុងស្រុក និងបរទេសយ៉ាងច្រើនកុះករនៅទូទាំងប្រទេស។ លើសពីនេះ ដំណើរកម្សាន្តសប្បាយដោយទឹកមុខញញឹមរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ក៏បង្កើតបានជាចលនាមហាសាមគ្គីជាតិដ៏ទូលំទូលាយមួយដែលប្រទេសជាតិកំពុងត្រូវការជាចាំបាច់។
ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋនិងកម្មករ កម្មការិនី រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងសាធារណៈ ៦០០ គ្រឿង ដើម្បីដឹកជញ្ជូនដោយឥតគិតថ្លៃ ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត ទាំងទៅទាំងមក ក៏ដូចជាការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានចាត់វិធានការអន្តរាគមន៍នានាជាច្រើន ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈ ដោយរដ្ឋជួយចេញខាតមួយផ្នែក និងបញ្ចុះពន្ធអាករនានា មួយផ្នែកទៀត ដែលធ្វើឱ្យតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតចុះទាបជាបន្តបន្ទាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ និយាយជារួម ការការពារបូរណភាពទឹកដី និងការគិតគូរដល់សុខទុក្ខរបស់វីរយុទ្ធជនជួរមុខ ពលរដ្ឋភៀសសឹក មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គឺជាអាទិភាពចម្បង និងជាក្តីកង្វល់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃយើង ដែលមិនបានមើលរំលងចំណុចណាមួយឡើយ។ ការយកចិត្តទុកដាក់នេះ បានទទួលការឆ្លើយតបវិញយ៉ាងស័ក្តិសមបំផុតពីប្រជាពលរដ្ឋ និងបង្កើតបានជាខ្សែចំណងមិនអាចកាត់ផ្តាច់បានរវាងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ៕
ដោយ៖ គង់ សិរីរ័ត្ន





