រដ្ឋមន្រ្ដីក្រសួងព័ត៌មានរម្លឹកថ្ងៃ ១៦ មេសា ឆ្នាំ១៩៧៥-១៧ មេសា ឆ្នាំ២០២៦ ជាខួប ៥១ ឆ្នាំ នៃថ្ងៃដែលរបបខ្មែរក្រហមបានឡើងកាន់អំណាច និងបាននាំមកនូវសោកនាដកម្មដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ -- ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានរម្លឹកថ្ងៃទី១៦ មេសា ឆ្នាំ១៩៧៥-១៧ មេសា ឆ្នាំ២០២៦ ដែលជាខួប ៥១ ឆ្នាំ នៃថ្ងៃដែលរបបខ្មែរក្រហមបានឡើងកាន់អំណាច និងបាននាំមកនូវសោកនាដកម្មដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា និងជាថ្ងៃដ៏ឈឺចាប់របស់ប្រជាជាតិខ្មែរទាំងមូល។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងបញ្ជាក់ថា ប្រជាជនរាប់លាននាក់បានបាត់បង់ជីវិត បែកបាក់គ្រួសារ និងទទួលរងទុក្ខវេទនាយ៉ាងសាហាវឃោរឃៅ និងអ្នកដែលនៅរស់រានមានជីវិតត្រូវបានទទួលរងគ្រោះផ្លូវកាយនិងផ្លូវចិត្តដោយសារតែការធ្វើទារុណកម្ម បង្អត់អាហារ គ្មានថ្នាំសង្កូវព្យាបាល…។ ឯកឧត្ដមលើកឡើងថា ការរំដោះប្រទេសនៅថ្ងៃទី ៧ មករា ១៩៧៩ ដឹកនាំដោយរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការជួយគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម គឺជាចំណុចរបត់ប្រវត្តិសាស្ត្រដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ការដាក់ចុះនូវនយោបាយ ឈ្នះ ឈ្នះ ដោយសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា បានបំផ្លាញចោលទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម នាំមកនូវសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជាដែលមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំចុងក្រោយរបស់ខ្លួន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ការនាំយកមេខ្មែរក្រហមមកកាត់ទោសតាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ដែលជាគំនិតផ្តួចផ្តួចរបស់សម្តេចតេជោ ហ៊ុន សែន ក៏ជាជំហានដ៏សំខាន់មួយក្នុងការស្វែងរក និងនាំមកនូវយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម និងបញ្ជាក់ថា ឧក្រិដ្ឋកម្មដ៏សាហាវបែបនេះ មិនត្រូវអនុញ្ញាតឱ្យកើតឡើងម្តងទៀតឡើយ។

ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា៖ «យើងចងចាំអតីតកាល ដើម្បីការពារសន្តិភាព ថែរក្សាយុត្តិធម៌ និងកសាងអនាគតមួយដែលគ្មានអំពើប្រល័យពូជសាសន៍។ អ្វីដែលប្រជាជនចងចាំនោះគឺតួនាទីរបស់សម្តេចតេជោ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះប្រទេសចេញពីរបបខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា និងនាំយកនូវយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហមទាំងអ្នកដែលបានស្លាប់បាត់បងជីវិត និងអ្នកដែលនៅរស់រានមានជីវិត»។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានបញ្ជាក់ពីរូបភាពចំនួន៣សន្លឹក ដែលថតនៅខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងនាមប្រធានផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលជាតុលាការជាតិដោយមានការចូលរួមពីអង្គការសហប្រជាជាតិ ធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសសាលក្រមលើសំណុំរឿង ០០២/០២ ដែលអង្គជំនុំជម្រះសាលាដំបូងកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម នួន ជា ប្រធានសភាតំណាងប្រជាជន និង ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ឱ្យជាប់ពន្ធនាគារមួយជីវិតលើបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ក្នុងសំណុំរឿង ០០២/០១ អតីតមេដឹកនាំទាំងពីរក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិតដែរពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលមានអង្គហេតុនៃការជម្លៀសប្រជាជនដោយបង្ខំចេញពីភ្នំពេញនៅថ្ងៃទី១៧ មេសាផងដែរ។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា បច្ចុប្បន្ន អតីតមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិតនិងកំពុងអនុវត្តន៍ទោសជាប់ពន្ធនាគារមួយជីវិតរបស់ខ្លួននៅពន្ធនាគារខេត្តកណ្តាល គឺខៀវ សំផន (ឈ្មោះបដិវត្ត ហែម) ដែលបច្ចុប្បន្ន គាត់មានអាយុ ៩៥ ឆ្នាំ (កើតខែកក្កដា ឆ្នាំ១៩៣១ នៅឃុំរំចេក ស្រុករំដួល ខេត្តស្វាយរៀង)។ ខៀវ សំផន ត្រូវបានចាប់ខ្លួនដោយសហចៅក្រមស៊ើបអង្កេតសាលាក្តីខ្មែរក្រហមនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧៕
ដោយ៖ រិទ្ធី





