ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចាត់ទុកភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋភៀសសឹក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ បង្ហាញពីការជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយបានថ្លែងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ ប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តទាំង៣ ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ បានចូលរួមសប្បាយរីករាយអបអរសាទរដូចប្រជាពលរដ្ឋទូទៅតាមរយៈការរៀបចំរបស់រដ្ឋបាលខេត្តក្នុងមូលដ្ឋាន។ ឯកឧត្តម ទេសរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា ទោះក្នុងស្ថានភាពជីវភាពមិនដូចមុនក្តី ប៉ុន្តែភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋភៀសសឹកក្នុងរយៈពេល៣ថ្ងៃនេះ បានបង្កប់នូវអត្ថន័យឆ្លុះបញ្ចាំងពីការផ្តល់សេចក្តីទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានអញ្ជើញធ្វើដំណើរចុះទៅតាមបណ្តាខេត្តទាំង៣ ដើម្បីចុះជួបសំណេះសំណាល និងចូលរួមសប្បាយរីករាយជាមួយប្រជាពលរដ្ឋ ក្នុងគ្រាដែលរាជរដ្ឋាភិបាលបានខិតខំគ្រប់មធ្យោបាយទាមទារអធិបតេយ្យភាពជាតិ និងការបាត់បង់ដោយសារការឈ្លានពានរបស់ប្រទេសថៃ។

ជាក់ស្តែង ក្នុងរយៈពេល៣ថ្ងៃចូលឆ្នាំនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចុះជួបប្រជាពលរដ្ឋ ហើយផ្តល់ស្នាមញញឹម ដោយការដោះស្រាយបញ្ហាទឹកស្អាតជូនពួកគាត់ និងរៀបចំការជញ្ជូនទឹកទៅតាមខ្នងផ្ទះសម្រាប់ជាតម្រូវការប្រើប្រាស់ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ជាប់ជាប្រចាំពីសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្ត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានសំណូមពរឱ្យមានការយោគយល់ដល់អាជ្ញាធរ និងក្រុមការងារចំពោះកង្វះខាតលើការអនុវត្តការងារមួយចំនួន ហើយក្រោយពិធីបុណ្យចូលឆ្នាំ ក្រុមការងារនឹងពន្លឿនសកម្មភាពការងាររបស់ខ្លួនឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបចំពោះតម្រូវការទាំងឡាយបម្រើដល់ការរស់នៅប្រចាំថ្ងៃផងដែរ៕

ដោយ៖ រិទ្ធី, ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ





