សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ច្រានចោលទាំងស្រុងចំពោះព័ត៌មានមិនពិតក្នុងចេតនាបំផ្លាញទំនុកចិត្តមកលើ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ
AKPភ្នំពេញថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦–
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន មិនពិត និងគ្មានប្រភពច្បាស់លាស់នាពេលថ្មីៗនេះ តាមរយៈផេកហ្វេសប៊ុកមួយចំនួន ទាក់ទងនឹងការបង្កកសាច់ប្រាក់របស់គ្រឹះស្ថានធនាគារមួយចំនួនដោយសហរដ្ឋអាម៉េរិក។
សារប្រឌិតបែបនេះ គឺបង្កឱ្យមានការភ័ន្តច្រឡំ មិនមានការទទួលខុសត្រូវ បង្កចលាចល និងមានចេតនាបង្កអស្ថិរភាព និង បំផ្លាញទំនុកចិត្តសាធារណជនមកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
សមាគមទាំងពីរ ក៏សូមគាំទ្រចំពោះសេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជានាពេលថ្មីៗនេះ ដែលបាន បំភ្លឺជាផ្លូវការលើបញ្ហានេះ។ ការឆ្លើយតបទាន់ពេលវេលារបស់ធនាគារជាតិនៃកម្ពុជា គឺមានសារៈសំខាន់ក្នុងការជួយទប់ ស្កាត់ព័ត៌មានមិនពិត ទប់ស្កាត់ការភ័ន្តច្រឡំ និងរក្សាទំនុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធហិរញ្ញវត្ថុ។ សមាគម ទាំងពីរ ក៏សូមគាំទ្រដល់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណបុគ្គល ដែលបានផ្សព្វផ្សាយខ្លឹមសារខាងលើឱ្យមកទទួលទោសតាមច្បាប់។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា សូមបញ្ជាក់ថា ការបង្កើត ឬផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនាទាក់ទងនឹងគ្រឹះស្ថានហិរញ្ញវត្ថុដែលមានអាជ្ញា បណ្ណណាមួយគឺជាបញ្ហាធ្ងន់ធ្ងរបំផុត។ ទង្វើបែបនេះអាចបង្កឱ្យមានចលាចលក្នុងចំណោមអតិថិជន បន្ទុចបង្អាក់ ដល់ស្ថានភាពទីផ្សារដែលដំណើរការជាប្រក្រតី និងប៉ះពាល់អវិជ្ជមានដល់ទំនុកចិត្តនៅក្នុងវិស័យហិរញ្ញវត្ថុទាំង មូល។
សមាគមទាំងពីរ ជំរុញឱ្យសាធារណជន សូមមេត្តាកុំពឹងផ្អែកលើពាក្យចចាមអារ៉ាម រូបភាពក្លែងក្លាយ ឬ មាតិកាក្នុងប្រព័ន្ធសង្គមដែលមិនមានប្រភពច្បាស់លាស់ និងសូមតាមដានព័ត៌មានផ្លូវការ ដែលចេញដោយធនាគារ ជាតិនៃកម្ពុជា និងគ្រឹះស្ថានដែលមានអាជ្ញាបណ្ណពាក់ព័ន្ធប៉ុណ្ណោះ។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូ ហិរញ្ញវត្ថុកម្ពុជា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិក ដើម្បីគាំទ្រដល់ទំនាក់ ទំនងច្បាស់លាស់ និងរក្សាទំនុកចិត្តពីសាធារណជនលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា៕

ដោយ៖ ចរិយា ប្រភព៖ សមាគមធនាគារ





