ថ្ងៃទីពីរនៃសង្ក្រាន្តរង្វង់ព្រះថោងនាងនាគ មានសាធារណជន និងភ្ញៀវទេសចរជាតិ អន្តរជាតិចូលរួមលេងមក្សាន្តយ៉ាងច្រើនកុះករ
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦-- សង្ក្រាន្តថ្ងៃទីពីរដែលរៀបចំឡើងដោយរដ្ឋបាលក្រុងកំពង់សោម សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ នៅរង្វង់មូលព្រះថោងនាងនាគកំពុងមានការទាក់ទាញចាប់អារម្មណ៍ពីសាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករទោះបីមេឃក្តៅយ៉ាងណាក្តី សម្រាប់ឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលត្រូវនឹងថ្ងៃពុធ ១៣រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ របាំជូនពរ និងរបាំត្រុដិដែលជារបាំសម្រាប់ជូនពរដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋមានសេចក្តីសុខចម្រុងចម្រើន សុខភាពល្អទទួលបានសិរីសួស្តីគ្រប់ក្រុមគ្រួសារ ជាពិសេសទទួលបានជោគជ័យគ្រប់ភារកិច្ច ហើយក៏ជាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីផងដែរ ទន្ទឹមនឹងរបាំជូនពរ និងរបាំត្រុដិ ក៏មានល្បែងប្រជាប្រិយជាច្រើនផ្សេងទៀតមានដូចជា ញាំប៉ិកួៈ លោតបាវ វាយក្អម ឡើងសសរខ្លាញ់ ពាំពងទា ទាញព្រ័ត្រ ។ល។

ក្នុងឱកាសសង្ក្រាន្តរង្វង់មូលព្រះថោងនាងនាគនេះ យើងសង្កេតឃើញមានអ្នកទេសចរមកពីតាមបណ្ដារាជធានី ខេត្ដ ពួកគាត់បានចូលរួមលេងកម្សាន្តយ៉ាងរីករាយ ក្រៅពីសង្ក្រានព្រះថោងនាងនាគ នៅតាមឆ្នេរសមុទ្រ ក៏ជាគោលដៅសម្រាប់ភ្ញៀវទេសចរផងដែរបានចុះងូតទឹកសមុទ្រប្រកបដោយសុវត្ថិភាព។

ទន្ទឹមនឹងសង្ក្រាន្តរង្វង់មូលព្រះថោងនាងនាគ រដ្ឋបាលខេត្តបានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុករៀបចំសង្ក្រាន្តនៅតាមទីតាំងប្រវត្តិសាស្ត្រ ហើយក្នុងនោះរដ្ឋបាលក្រុងកោះរ៉ុង ក៏បានរៀបចំសង្ក្រាន្តនៅឆ្នេរឡងសិត និងសង្ក្រានវត្តគីរីជលសារ (វត្តព្រែកស្វាយ) ដោយឡែករដ្ឋបាលក្រុងព្រះសីហនុ ក៏បានរៀបចំសង្ក្រានរយៈពេលពីរថ្ងៃផងដែរ គឺពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅឆ្នេរអូរត្រេះ និងសង្ក្រាន្តរង្វង់មូលព្រះថោងមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។

ចំពោះសង្ក្រាន្តនៅកោះរ៉ុង ក្រុងព្រះសីហនុ និងក្រុងកំពង់សោមដោយមានការយកចិត្តទុកដាក់ពីកង កម្លាំងក្នុងការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានល្អ មិនមានបញ្ហាអ្វីកើតឡើងនោះទេ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនសាធារណជន ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ៕
ដោយ ងូ សុមុនី





