បទយកការណ៍៖ ការពូនភ្នំខ្សាច់ និងជំនឿរបស់ពលរដ្ឋខ្មែរក្នុងពិធីបុណ្យចូលឆ្នាំថ្មី
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ --ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពុទ្ធបរិស័ទតែងតែប្រារព្ធពិធីពូនភ្នំខ្សាច់។ ទោះបីយ៉ាងណាទំនៀមទម្លប់ ពូនភ្នំខ្សាច់ មិនមែនធ្វើឡើងតែក្នុងពិធីបុណ្យចូលឆ្នាំមួយមុខនៅតាមទីវត្តអារាមនោះទេ ក្នុងឱកាសពិធីបុណ្យផ្សេងៗដូចជា បុណ្យភ្ជុំបិណ្ឌ ឬសូម្បីតែបុណ្យបញ្ចុះខណ្ឌសីមា ក៏គេធ្វើឡើងដូចគ្នា។

តើការប្រារព្ធពិធីនេះពុទ្ធបរិស័ទមានជំនឿ និង មានអត្ថន័យដូចម្តេច?
ប្រជាពលរដ្ឋខ្មែរតែងមានជំនឿថា គ្រាប់ខ្សាច់១គ្រាប់ៗ ដែលចាក់ពូននោះ ផ្ដល់អានិសង្សដល់អ្នកដែលបានពូនភ្នំខ្សាច់នោះ ប្រៀបប្រដូចទៅនឹងចូលរួមកសាងព្រះចេតិយថ្វាយព្រះសម្មាសម្ពុទ្ធ ដែលនឹងទទួលបានអានិសង្សខ្ពស់បំផុត។ ក្រៅពីនេះគេក៏មានជំនឿផងដែរពីការ រំដោះកម្មពៀរវេរា ឬរាសីដាក់ ដែលធ្វើឱ្យពពួកបិសាច ឬបាបកម្មចង្រៃដែលចង់មកយាយីមិនអាចធ្វើអ្វីបានឡើយ។
ជាមួយគ្នានេះ ការរំដោះកម្មពៀរ ការពារព្រាយបិសាចដែលមកយាយីត្រូវរាប់គ្រាប់ខ្សាច់ដែលបុគ្គលបានពូននោះឱ្យអស់ បើរាប់មិនអស់ទេ គឺមានន័យបុគ្គលធ្វើបុណ្យ ពូនភ្នំខ្សាច់បានរំដោះកម្មពៀរពីឧបទ្រពចង្រៃទាំងឡាយហើយ។

បើយោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ការពូនភ្នំខ្សាច់នេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកណ្តាលទីធ្លាដែលគេបានកំនត់ រួចពូនឱ្យចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំណាងឱ្យព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ រឺក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំណត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកសាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកណ្តាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤។ការពូនភ្នំខ្សាច់នេះ គឺគេច្រើនធ្វើឡើងនៅល្ងាចថ្ងៃចូលឆ្នាំទី១ ដោយគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិ៍ណាមួយនៅក្នុងវត្តតែម្តង។
ទាក់ទិនក្នុងរឿងនេះដែរព្រះតេជគុណរះសុមេធិវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការវត្តនទ្ទមុនី ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញបានមានសង្ឍដីការថា នៅថ្ងៃទី២ ឬថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី គេតែងពូនភ្នំខ្សាច់ និងពូនភ្នំអង្ករ។ពិធីសាងវាលុកចេតិយ ឬពូនភ្នំខ្សាច់ តែងតែងត្រូវបានរៀបចំនៅតាមទីវត្តអារ៉ាមរបស់ខ្មែរជានិច្ចរាល់ពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរម្ដងៗ។

ព្រះតេជគុណរះសុមេធិវង្ស បណ្ឌិត សុខ ប៊ុនធឿន មានសង្ឃដីការបន្ថែមថា៖ « ការពូនភ្នំខ្សាច់តាមជំនឿនោះគឺអាចរំដោះទុក្ខទោសភយន្តរាយទាំងឡាយឱ្យវិនាសខ្ចាត់ខ្ចាយ និងកសាងមកវិញនូវសេចក្តីសុខ និងរួចផុតពីទុក្ខទោស»។
ពាក់ព័ន្អនឹងការរៀបចំពិធីនេះដែរ ឯកឧត្ដម ឧទ្ទេសាចារ្យ សាន សម្ផស្ស អនុរដ្ឋលេខាធិការ នៃក្រសួងធម្មការ និងសាសនា បានឱ្យដឹងដែរថា ការពូនភ្នំខ្សាច់គឺដើម្បីរំដោះនូវកម្មពារ រំដោះនូវអ្វីៗដែលយើងបានធ្វើឱ្យមានកំហុសឆ្គង។ពូនភ្នំខ្សាច់ដើម្បីការពារខ្លួនឯងឱ្យមានសេចក្តីសុខ។បើមានមច្ចុរាជ ឬព្រាយបីសាចអ្វីមួយចង់យកជីវិតត្រូវតែរាប់គ្រាប់ខ្សាច់ជាមុនសិន។ ឯកឧត្តមបន្តថា ហេតុនេះគ្រាប់ខ្សាច់ដែលយើងបានពូនជាចេតិយឬជាពំនូកភ្នំដើម្បីថ្វាយព្រះសម្មាសាម្ពុទ្ធ ហើយ នោះមិនងាយរាប់អស់សោះឡើយ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានអះអាងថា៖ «នៅពេលរាប់មិនអស់ មច្ចុរាជ នឹងត្រឡប់ទៅវិញ ហើយយើងក៏មានសេចក្តីសុខសាន្តរៀងរហូតទៅ»។

ឯកឧត្តមបានបញ្ជាក់ទៀតថា ទោះពូនភ្នំខ្សាច់គេមានជំនឿបែបនេះក្តី តែចំពោះន័យមួយទៀតនៃជំនឿគឺមិនមែនយើងបានសាងអ្វីមួយមិនល្អ ហើយពូនភ្នំខ្សាច់ឱ្យបាត់កម្មពៀរវារា ក៏មិនអាចជួយអ្វីបានដែរ។
សូមរម្លឹកផងដែរថា រៀងរាល់ចូលឆ្នាំថ្មីក្នុងពិធីនេះគឺលោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយឱ្យតំណាងព្រះចូលាមណីចេតិយ រួចយកកំណាត់សប្រវែងប្រមាណមួយម៉ែត្រកន្លះ ទៅពានាពាក់ឆៀងព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងឱកាសនោះដែរ ព្រះសង្ឃសូត្រធម៌ចំរើនព្រះបរិត្ត នៅធម្មសាលាដោយបន្តអំបោះមកដល់ភ្នំទាំងអស់ ។ ភ្នំដែលបានឡើងជាអង្គចេតិយហើយ អ្នកណាមួយទៅជាន់រំលង ឬរំលាយមុនគេផ្សឹក ទុកត្រូវទទួលបាប។

ទាក់ទងនឹងរឿងផ្សឹកវាលុកចេតិយ មានប្រវត្តិដូចតទៅ៖ បន្ទាប់ពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែលតែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំឲ្យផ្តាច់កម្ម ផ្តាច់ពៀរ និងសុំសេចក្តីសុខចំរើនតរៀងទៅ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសលជូនដល់អ្នកដែលចែកឋានទៅ មានមាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្តទាំងអស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំណើរការថ្វាយបង្គំព្រះ សមាទានសីលនៅធម្មសាលា។ បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅពេលបញ្ចប់ការរាប់បាត្រ គេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃ ទៅកាន់ភ្នំខ្សាច់។ អាចារ្យចាប់ផ្តើមពិធីនៅភ្នំខ្សាច់ ដូចកាលពីល្ងាចម្តងទៀត។ ជាមួយគ្នានេះដែរ ព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។


បន្ទាប់មកអាចារ្យបានបន្តពិធីនៅខាងក្រៅមុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «ឥមំ វាលុកចេតិយំ បច្ចក្ខាមិ» ប្រែថា៖ «ខ្ញុំផ្សឹកឥលូវនេះនូវវាលុកចេតិយនេះចេញ» គឺលែងប្រកាន់ថាជាចេតិយទៀតហើយ អ្នកណារំលាយក៏គ្មានបាបដែរ។ ទន្ទឹមនេះ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភត្តប្រគេនព្រះសង្ឃឆាន់ត្រង់។ ពេលរសៀលគេជួបជុំគ្នា ដើម្បីនមស្សការថ្វាយបង្គំព្រះ និង អរាធនាព្រះសង្ឃសំដែងធម្មទេសនា។ កម្មវិធីជាបន្ត គេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ)៕
ដោយ៖ មករា និង រិទ្ធី





