ភ្ញៀវទេសចរបង្ហាញក្ដីរីករាយ ពេលបានមកទស្សនាប្រាសាទអង្គរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
AKP សៀមរាប ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦-- អ្នកទេសចរមកពីតាមបណ្ដាខេត្ដរាជធានីខេត្ដ ពួកគាត់លើកឡើងថា ប្រាសាទអង្គរវត្ដនេះ គឺជាសំណង់ប្រាសាទបុរណដែលមានវ័យចំណាស់ និងល្អជាងគេ ក្នុងចំណោមប្រាសាទបុរាណជាច្រើនទៀត ហើយពួកគាត់ចូលចិត្ដជ្រើសរើសតំបន់រម្មណីយដ្ឋានអង្គរ ទៅកម្សាន្ដក្នុងពិធីបុណ្យធំៗ ដូចជាពិធីឆ្លងឆ្នាំសកល បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី និងបុណ្យជាតិផ្សេងទៀត។

ពួកគាត់បន្ថែមថា បើទោះបីប្រទេសកម្ពុជាកំពុងជួបបញ្ហាតម្លៃប្រេងឥន្ទនៈឡើងថ្លៃ មិនទាន់បញ្ចប់ជម្លោះព្រំដែនជាមួយប្រទេសជិតខាងក្ដី ប៉ុន្ដែការដើរកម្សាន្ដ នៅក្នុងខេត្ដសៀមរាប ពិតជាមានសុខសន្ដិភាព សុវត្ថិភាព និងមានមោទនភាពក្រែលែង ព្រោះខេត្ដនេះ មានកន្លែងទស្សនាច្រើន ក្រៅពីប្រាសាទអង្គរវត្ដ ដោយមិនមានការភ័យខ្លាចនោះទេ។
ពួកគាត់លើកឡើងថា ការរៀបចំបរិវេណនៅរមណីយដ្ឋានអង្គរ គឺមានសណ្ដាប់ធ្នាប់ល្អ បរិស្ថានល្អ ទេសភាពបៃតងបើទោះបីខែនេះរដូវក្តៅក៏ពិតមែន។

បើតាមរបាយការណ៍របស់នាយកដ្ឋានវប្បធម៌ និងទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ភ្ញៀវចូលមកទស្សនាតំបន់អង្គរកាលពីថ្ងៃទី០១នៃបុណ្យចូលឆ្នាំខ្មែរ (ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦) មានចំនួនភ្ញៀវខ្មែរចំនួន ២០ ៥៨០នាក់ ភ្ញៀវបរទេសចំនួន ២ ០៩១ នាក់ សរុបមានចំនួន ២២ ៦៧១ នាក់។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងរយៈពេល៣ថ្ងៃនេះអាជ្ញាធរខេត្ដសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដបានរៀបចំកម្មវិធីទស្សនាកម្សាន្ដជាច្រើនទៀតនៅក្នុងក្រុងសៀមរាប ក្រៅពីអង្គរវត្ដ៕
ដោយ ឃុត សៅ





