អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបន្តអំពាវនាវយ៉ាងទទូច សូមឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទគោរពច្បាប់ចរាចរណ៍
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦-- លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបន្តអំពាវនាវយ៉ាងទទូច សូមឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឬគ្មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលកំពុងតែប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។


ក្នុងយុទ្ធនាការផ្សព្វផ្សាយអប់រំលើកកម្ពស់សុវត្ថិភាពចរាចរណ៍ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនាពេលកន្លងទៅ លោកជំទាវ មឹន មាណវី មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបច្ចុប្បន្នគឺពុំមានការថយចុះទេ ផ្ទុយទៅវិញគឺមានការកើនឡើងតិចតួចបន្ថែមទៀតផង ដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់យើងទាំងអស់គ្នា ជាពិសេសចំពោះគ្រោះថ្នាក់ដែលអាចនឹងកើតមានច្រើននៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ។

លោកជំទាវបានគូសបញ្ជាក់ថា ក្រសួង ស្ថាប័នជាតិ អង្គការជាតិ អន្តរជាតិ និងមួយផ្នែកទៀតនៃក្រុមហ៊ុនឯកជនគឺពិតជាបានខិតខំប្រឹងប្រែងជាខ្លាំងក្នុងការធ្វើការអប់រំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ទៅដល់អ្នកបើកបរឱ្យមានការយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបញ្ជាយានយន្តរបស់ខ្លួនប្រកបដោយសុវត្ថិភាព ជាពិសេសសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០២៦នេះ ដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវគ្រប់រូបឱ្យបើកបរដោយគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមកុំបើកបរលើសល្បឿនកំណត់ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ សញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់ ពិសេសការបើកបរនៅពេលយប់ ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្ត ដូចជាសំបកកង់ ហ្វ្រាំង ភ្លើងបំភ្លឺ និងចង្កូតជាដើម ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ មិនត្រូវលេងគប់ទឹក ឬប៉ាតម្សៅដល់អ្នកប្រើប្រាស់ផ្លូវ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ល៕
ដោយ៖ ចាន់ សុភឿន





