យុវជនរាប់ពាន់នាក់សម្រុកមកកម្សាន្តនៅសួនតេជោឈ្នះឈ្នះ ក្រុងសិរីសោភ័ណ ក្នុងឱកាសសង្ក្រាន្តថ្ងៃដំបូង
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦-- ស្នូរត្រគោះឈ្នាង រួមជាមួយចង្វាក់រាំវង់យ៉ាងគ្រហឹម បានលាន់ឮកងរំពងពេញផ្ទៃសួនតេជោឈ្នះឈ្នះ ស្ថិតក្នុងសង្ក្រាន្តព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈដែលយុវជន យុវនារី និងកុមារតូចៗរាប់ពាន់នាក់ បានសម្រុកមកជួបជុំគ្នាដើម្បីអបអរសាទរថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក។

យោងតាមទិដ្ឋភាពផ្ទាល់កាលពីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សួនតេជោឈ្នះឈ្នះបានប្រែក្លាយជាមហាសមុទ្រមនុស្ស។ យុវជនបានបង្ហាញពីស្នាមញញឹមយ៉ាងស្រស់ស្រាយ តាមរយៈការចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងការរាំកម្សាន្តតាមចង្វាក់ប្រពៃណីយ៉ាងសប្បាយរីករាយ។ អ្វីដែលកាន់តែពិសេស និងបង្កើតជាបរិយាកាសគ្រួសារខ្មែរដ៏កក់ក្តៅនោះគឺ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានឧបត្ថម្ភនំបញ្ចុក និងទឹកសុទ្ធចំនួន ៣០០ គីឡូក្រាម សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនដែលមកលេងកម្សាន្ត បានទទួលទានរួមគ្នាដោយឥតគិតថ្លៃ។ ដើម្បីធានាបាននូវភាពសប្បាយរីករាយដោយគ្មានការភ័យខ្លាច កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានដាក់ពង្រាយយ៉ាងសកម្ម។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត កងកម្លាំងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រឹងសន្តិសុខយ៉ាងម៉ឺងម៉ាត់បំផុត រួមមានការល្បាតតាមគោលដៅ ចុះត្រួតពិនិត្យតាមទីប្រជុំជន និងចំណុចសេដ្ឋកិច្ចសំខាន់ៗ។

ការបង្ក្រាបបទល្មើស ស្រាវជ្រាវមុខសញ្ញាជនល្មើស បង្ការការប្រើប្រាស់អាវុធជាតិផ្ទុះ និងគ្រឿងញៀន។សណ្តាប់ធ្នាប់ចរាចរណ៍ សម្រួលការធ្វើដំណើរ ដើម្បីចៀសវាងការកកស្ទះ និងគ្រោះថ្នាក់។

ក្នុងឱកាសមហាសង្ក្រាន្តនេះដែរ លោក ស្រេង សុផល អភិបាលក្រុង បានសង្កត់ធ្ងន់ទៅលើការរក្សាសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពសង្គម និងបានអំពាវនាវដល់យុវជនជនរួមជាតិ "សូមចៀសឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។ ត្រូវគោរពច្បាប់ចរាចរណ៍ និងហាមដាច់ខាតការគប់ទឹកតាមដងផ្លូវដែលបង្កគ្រោះថ្នាក់។ ជាពិសេស ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ តាមរយៈការពិនិត្យទៀនធូប និងប្រព័ន្ធអគ្គិសនីឱ្យបានច្បាស់លាស់ មុនពេលចាកចេញពីផ្ទះ។"

ទិដ្ឋភាពនៅសួនតេជោឈ្នះឈ្នះ នាថ្ងៃដំបូងនៃឆ្នាំថ្មីនេះ មិនត្រឹមតែបង្ហាញពីភាពសប្បាយរីករាយរបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពនៃការរួមសាមគ្គីភាពរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការបង្កើតនូវបរិយាកាសបុណ្យទានមួយដែលមានទាំងភាពសប្បាយ សុវត្ថិភាព និងភាពកក់ក្តៅតាមបែបខ្មែរអង្គរ៕
ដោយ ឈុន សារ៉ាត





