តាកែវសង្ក្រាន្តថ្ងៃទី១ ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ជាមួយព្រ័ត្រយក្សប្រវែង ៨០ម៉ែត្រ
AKP តាកែវ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦-- ក្នុងឱកាសថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខេត្តតាកែវបានបង្ហាញនូវភាពទាក់ទាញយ៉ាងខ្លាំង ដោយទទួលបានភ្ញៀវទេសចរមកកម្សាន្តសរុបជាង ១៦ម៉ឺននាក់។
យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្ត តាកែវ ចំនួនភ្ញៀវមានដូចខាងក្រោម ភ្ញៀវទេសចរដើរកម្សាន្តវិលល្ងាច ១៦២,៨០៥ នាក់ ភ្ញៀវស្នាក់នៅតាមមូលដ្ឋានអាជីវកម្ម ២,៨០០ នាក់ និងភ្ញៀវទេសចរបរទេស ១,៥៥០ នាក់។

សកម្មភាពលេចធ្លោក្នុង "តាកែវសង្ក្រាន្ត"ដើម្បីអបអរសាទរពិធីបើកព្រឹត្តិការណ៍ "តាកែវសង្ក្រាន្ត" ជាផ្លូវការ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំក្បួនព្យុហយាត្រាយ៉ាងគគ្រឹកគគ្រេង ក្នុងការដង្ហែខ្សែព្រ័ត្រដែលមានប្រវែងរហូតដល់៨០ម៉ែត្រ អមដោយអ្នកចូលរួមស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ដែលចាប់ផ្តើមចេញពីសួនច្បារវិមានឯករាជ្យ ឆ្ពោះទៅកាន់សួនច្បារមាត់បឹងតាកែវ ដើម្បីរៀបចំល្បែងប្រជាប្រិយទាញព្រ័ត្រ។

ក្រៅពីការទាញព្រ័ត្រ អាជ្ញាធរខេត្តក៏បានរៀបចំល្បែងប្រជាប្រិយជាច្រើនប្រភេទទៀត ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់បងប្អូនប្រជា ពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។


តាមរយៈសកម្មភាពទាំងនេះបានសបញ្ជាក់ឱ្យឃើញពីការរៀបចំយ៉ាងយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងកិច្ចការថែរក្សាទំនៀមទម្លាប់ និងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ឱ្យកាន់តែមានសន្ទុះខ្លាំងឡើង៕
ដោយ AKP





