ប្រមុខក្រសួងមហាផ្ទៃ៖ ខ្មែរត្រូវតែបន្តឆ្ពោះទៅមុខ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦–ប្រមុខក្រសួងមហាផ្ទៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន (Telegram) នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រណីជាតិបានលើកឡើងថា ថ្ងៃនេះយើងបានទទួលសារប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាមហាកំពូលឥស្សរជននយោបាយដ៏ឆ្នើមគ្មានពីររបស់ជាតិ និងប្រជាជនយើង ដោយសម្ដេចបានបង្ហោះខ្លឹមសារសង្កត់ធ្ងន់ថា "របួសកូនដៃមួយ មិនគួរធ្វើឱ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ"។
បើតាមប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោប្រៀបបានទឹកអម្រិតទេវតាឆ្នាំថ្មីប្រោះព្រំមកលើជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសវីរយុទ្ធជនជួរមុខ ក្នុងទិវាទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ជាទឹកអម្រិត ពីព្រោះតែស្ថានភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងឆ្នាំនេះប្រព្រឹត្តទៅមិនដូចឆ្នាំកន្លងមកឡើយ...។ មិនដូចឆ្នាំកន្លងទៅ ពីព្រោះជនរួមជាតិនៅតែដក់ជាប់អារម្មណ៍ឈឺចាប់ចំពោះការឈ្លានពានទាំងកំរោលពីប្រទេសថៃក្បែរខាងយើង។ ប៉ុន្តែជាគន្លឹះមួយនៃដំណើរទៅមុខរបស់ជាតិ ស្របតាមគតិបណ្ឌិតណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ គឺយើងត្រូវតែបន្តប្រក្រតីភាពនៃការរីកចម្រើន និងជីវភាពសង្គម ដើម្បីដំណើរឆ្ពោះទៅមុខរបស់ជាតិយើង។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជាបានបន្តថា សម្ដេចតេជោបានបញ្ជាក់ច្បាស់ហើយថា "សម្រាប់ប្រជាជនជាង ១៧លាននាក់ផ្សេងទៀត តើទុកឱ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គម ឬយ៉ាងណា? ដូចជា៖ ការបិទផ្សារ បិទការលក់ដូរ បិទធនាគារ បិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។ រហូតទៅបិទមិនឱ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំ ឬយ៉ាងណា? " សម្រាប់ជនរួមជាតិ ដែលមានទស្សនៈប្រឆាំងខួបប្រាំងខួបវស្សា ពួកគាត់ទំនងជាពិបាកឆ្លើយណាស់ចំពោះសំណួររបស់សម្ដេចតេជោ។ ប៉ុន្តែសម្រាប់ពួកយើង ដែលកំពុងរួមសុខ រួមទុក្ខ ជាមួយគ្នាលើដែនដីមាតុភូមិកំណើតនេះ យើងដឹងយ៉ាងច្បាស់ ហើយមូលមាត់គ្នាគាំទ្រយ៉ាងប្រាកដថា "អំពើឈ្លានពានរបស់ថៃ បានធ្វើឱ្យជាតិយើងជួបទុក្ខ ប៉ុន្តែយើងមិនអង្គុយយំជាដាច់ខាត"។
បញ្ហាព្រំដែន បង្កឡើងដោយអំពើឈ្លានពានផ្ទុយពីច្បាប់អន្តរជាតិពីសំណាក់ភាគីថៃ យើងនៅតែបន្តជឿជាក់លើដំណោះស្រាយតាមយន្តការសន្តិវិធី ផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀង។ ចំណែកជីវភាពជាប្រក្រតី យើងត្រូវតែបន្តរួមគ្នាជំរុញសកម្មភាពសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរស់រវើក។ យើងមិនត្រូវអនុញ្ញាតឱ្យអំពើឈ្លានពាននេះ ជះឥទ្ធិពលអវិជ្ជមានដល់ដំណើរឆ្ពោះទៅមុខរបស់ជាតិយើងបាន
ឡើយ។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមអំពាវនាវជនរួមជាតិឱ្យមានទស្សនៈឯកភាពគ្នាថា អ្វីដែលយើងអាចធ្វើបាននៅពេលនេះ គឺការរីករាយសាទរឆ្នាំថ្មីប្រកបដោយការទទួលខុសត្រូវ ដោយយើងមិនប្រព្រឹត្តអំពើខុសច្បាប់ រួមទាំងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងការបន្តខិតខំបំពេញតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អក្នុងឆ្នាំថ្មី បើទោះក្នុងវិស័យណាក៏ដោយ។ ប្រសិនបើយើង បណ្ដែតបណ្ដោយឱ្យសកម្មភាពសេដ្ឋកិច្ច និងសង្គមត្រូវរាំងស្ទះ ឬជាប់គាំងដោយប្រការណាមួយ វាមិនមែនត្រឹមតែជាការដាក់បន្ទុកថ្មីមួយទៀតលើជាតិ និងប្រជាជនយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ឯកឧត្តម វាក៏មានន័យថា យើងកំពុងធ្វើឱ្យវីរយុទ្ធជនជួរមុខខកចិត្តផងដែរ។ ខកចិត្ត ដ្បិតពួកគាត់ដែលកំពុងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន ដោយគ្មានឱកាសបានមកជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដូចពេលនេះ ពីព្រោះពួកគាត់កំពុងបំពេញតួនាទីភារកិច្ច ដើម្បីសម្រេចបាននូវបុព្វហេតុធំៗពីរគឺ៖ ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងដើម្បីធានាឱ្យបាននូវប្រក្រតីភាពនៃជីវភាពសង្គមសម្រាប់ជនរួមជាតិនៅឯសមរភូមិក្រោយ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





