អាជ្ញាធរខេត្តកំពង់ឆ្នាំង អបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី
AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង
បានអញ្ជើញជាអធិបតី អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ឆ្នាំងត្រូវបានប្រារព្ធបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នៅមុខសាលាខេត្តកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងព្រមទាំង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ប្រជាពលរដ្ឋេនិងសិស្សានុសិស្សជាច្រើននាក់ផងដែរ។


ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាប្រទេសយើងមានសុខសន្តិភាពការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេលដែលប្រទេសជាតិ ក្រោមម្លប់នៃសុខសន្ដិភាព ដែលរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម ដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូលរបស់យើង។ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស២៥៦៩ គ.ស២០២៦នេះ គឺជាការជួបជុំគ្នាក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាស្រុក ខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានបំពេញភារកិច្ចការងាររបស់ខ្លួន រយៈពេលមួយឆ្នាំកន្លងមកនេះ។


ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា កម្មវិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់សូមចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យបានល្អប្រសើរជូនលោកតា លោកយាយ ពុកម៉ែ បងប្អូនរបស់យើង។ ព្រឹត្តិការណ៍សប្បាយរីករាយជាច្រើនដូចជា ពិ័ព័រណ៍ទូទៅ ការដាក់តាំងលក់ផលិតផល ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក តំបន់ត្រជាក់ចិត្ត តំបន់ភូមិយើង ការតាំងពីពិពរណ៌ភូមិមួយផលិតផលមួយ ល្បែងប្រជាប្រិយ៍ខ្មែរ តំបន់ទស្សនីយ៍ភាពសិល្បៈ តន្រ្តីសម័យ និងតំបន់សាសនាជាដើម។
ឯកឧត្តមអភិបាលខេត្តបានបួងសួងឧទ្ទិសមហាសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធញាតិកាទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ជាពិសេសជូនពរ ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា និង សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជានិងលោកជំទាវ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព សេចក្តីចម្រើន គ្រប់ៗក្រុមគ្រួសារឱ្យចៀសផុតពីជំងឺផ្សេងៗ និងជួបតែសេចក្ដីសុខជារៀងរហូត៕

ដោយ បៃ ស៊ីថុន





