ឯកឧត្ដម ហ៊ុន ម៉ានី និងប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាព នៅលើផ្លូវថ្មើរជើងចតុមុខ ក្នុងឱកាសឆ្នាំថ្មី
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦--
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង នៅលើផ្លូវថ្មើរជើងចតុ ក្នុងឱកាសឆ្នាំថ្មី ថ្ងៃទី១ ដែលមានមនុស្សចូលរួមលេងច្រើនបំផុត មិនធ្លាប់មាន។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍អង្គរសង្រា្កន្ត ឆ្នាំ២០២៦ បានដឹកនាំប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវទេសចរអន្តរជាតិ លេងល្បែងប្រជាប្រិយទាញព្រ័ត្រមិត្តភាព ដែលមានប្រវែង២៥០ម៉ែត្រ នៅលើផ្លូវថ្មើរជើងចតុមុខ។

នៅក្នុងឱកាស សម្រាប់ល្បែងប្រជាប្រិយទាញព្រ័ត្រមិត្តភាព ដែលមានប្រវែង២៥០ម៉ែត្រ ដែលឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ឃួង ស្រេង ដឹកនាំលេងខាងលើនេះ មានមនុស្សប្រមាណជាង៧០០នាក់ចូលរួម ទាញជុំគ្នា ដែលជាចំនួនមនុស្សចូលរួមលេងច្រើនបំផុត មិនធ្លាប់មាន។

ល្បែងប្រជាប្រិយទាញព្រ័ត្រ ជាល្បែងលេងកម្សាន្តសប្បាយ របស់យុវជនខ្មែរទាំងបុរស ទាំងស្រ្តី ទាំងកម្លោះ ទាំងក្រមុំ ដែលគេលេងដោយប្រើកម្លាំងកាយ និងលេងតែនៅរដូវចូលឆ្នាំខ្មែរប៉ុណ្ណោះ។ ល្បែងទាញព្រ័ត្រនេះ ចាត់ទុកជាការហាត់កម្លាំង ហាត់ប្រាណ ឱ្យរាងកាយមានកម្លាំង មានសុខភាពល្អ។ ល្បែងទាញព្រ័ត្រ ដើមឡើយគេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាចលេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះ មានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺ ពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។


សម្រាប់នៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី១នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលគេនិយមហៅថា ជាថ្ងៃមហាសង្រ្កាន្ត មានការរៀបចំតុបតែងលំអរ ផ្ការភ្ញី ក្បូក្បាច់រចនា បំពាក់អំពូលភ្លើងលំអរពេលរាត្រី និងលេងល្បែងកំសាន្ត ល្បែងប្រជាប្រិយខ្មែរ នៅគ្រប់ទីប្រជុំជនដូចជា៖ រមណីយដ្ឋានវប្ប្ធធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ផ្លូវថ្មើជើងតាមដងទន្លេ ចាប់ពីផ្សាររាត្រី ដល់មុខព្រះរមរាជវាំង និងនៅតាមទីប្រជុំជននានាជាច្រើនទៀត។
សូមជម្រាបជូនថា ល្បែងទាញព្រ័ត្រត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥៕
ដោយ សួស សំរិត





