ខេត្តព្រះវិហាររៀបចំពិធីទទួលទេវតាឆ្នាំថ្មី
AKP ព្រះវិហារ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦-- ពិធីទទួលទេវតាឆ្នាំថ្មី ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត។


ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ គណៈអធិបតី និងអង្គពិធីទាំងមូល បានរៀបចំគ្រឿងសក្ការបូជាទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដើម្បីថ្វាយព្រះរតនត្រ័យ និងបន់ស្រន់សុំសេចក្តីសុខពីទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី ដែលយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំថ្មីនេះ។

ជាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសបារមីដែលថែរក្សាទឹកដីប្រវត្តិខេត្តព្រះវិហារ សូមជួយប្រោះព្រំសព្វសាធុការពរជ័យជូនដល់មន្ត្រីរាជការ វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមឱ្យជួបតែសេចក្តីសុខ ចម្រើន ព្រមទាំងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត៕

ដោយ AKP





