អភិបាលស្រុកស្ទោងលើកទឹកចិត្តដល់អាចារ្យ គណៈកម្មការ និងព្រះគ្រូចៅអធិការវត្តត្រូវកសាងអភិវឌ្ឍវត្តអារាមឱ្យបានល្អបែបវប្បធម៌សាសនា និងទេសចរណ៍
AKP កំពង់ធំ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦--លោក សាយ គឹមឡម អភិបាលស្រុកស្ទោងលើកទឹកចិត្តដល់អាចារ្យគណៈកម្មធិការព្រះគ្រូចៅអធិការវត្តត្រូវកសាងអភិវឌ្ឍន៍វត្តអារាមឱ្យបានល្អបែកវប្បធម៌សាសនានិងទេសចរ។លោកអភិបាលស្រុកធ្វើការណែនាំដូច្នេះក្នុងឱកាសដែលលោក និងសហការីព្រមទាំងសប្បុរសជនអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែរបូសម្ពោធដាក់ឱ្យប្រើប្រាស់ពុទ្ធស្ថានស្ថិតនៅក្នុងវត្តក្តីស្រង៉ែ ក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។
លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍដែលឈរក្រោមចក្ខុវិស័យ និងប្លង់អភិវឌ្ឍបានច្បាស់លាស់និងធ្វើឱ្យវត្តអារាមកាន់តែមានសោភ័ណភាពជាមួយនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធព្រមទាំងសួនច្បារចម្រុះពណ៌ ដើមឈើប្រណីតៗ រុក្ខជាតិពណ៌បៃតងដែលជាផ្នែកមួយនៃសោភ័ណភាពនិងការលើកកម្ពស់បរិស្ថានជាពិសេសជាចំណែកមួយនៃទេសចរណ៍ជាការទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមពីសប្បុរសជន ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយថែមទៀត។


ទន្ទឹមនឹងនេះ លោកអភិបាលស្រុកស្ទោងបានកោតសរសើរខ្ពស់នូវស្មារតីរួបរួមសហការសាមគ្គីគ្នារវាងពុទ្ធបរិស័ទចំណុះជើងវត្ត ជិតឆ្ងាយព្រមទាំងគ្រូចៅអធិការ អាចារ្យគណៈកម្មការ ដែលបានរួបរួមសហការសាមគ្គីគ្នាកសាងនូវសមិទ្ធផលនានាព្រមទាំងពុទ្ធស្ថាននៅក្នុងឱកាសនេះសម្រាប់តម្កល់ទុកក្នុងព្រះពុទ្ធសាសនានិងជាសម្បត្តិរួមសម្រាប់គោរពប្រនិបត្តិតរៀងទៅ។

លោកអភិបាលស្រុកបានសម្ដែងការអបអរសាទរជាមួយប្រជាពលរដ្ឋនៅក្នុងឃុំចំណាក្រោម នៃស្រុកស្ទោងទាំងមូលក៏ដូចជាខេត្តកំពង់ធំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍខេត្តកំពង់ធំ ជាពិសេសគម្រោងវារីវប្បកម្មស្ថិតនៅក្នុងឃុំចំណាលក្រោមលើផ្ទៃដីប្រមាណ៣ពាន់ហិកតា ដែលនឹងជួយបង្កើតកម្លាំងពលកម្មដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់ជីវភាពពលរដ្ឋបានមួយកម្រិតថែមទៀត។

ក្នុងឱកាសនោះ លោកអភិបាលស្រុក និងសហការីបានចូលរួមបច្ច័យបុណ្យចំនួន១លាន៦៦ម៉ឺនរៀល និង១០០ដុល្លារសហរដ្ឋអាមេរិកផងដែរ៕
ដោយ ស៊ុម វណ្ណា





