ក្រសួងកសិកម្មនឹងជំរុញសកម្មភាពកសិកម្មដល់ពលរដ្ឋជនភៀសសឹកទាំងលក្ខណៈគ្រួសារ និងសហគមន៍
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦-- គិតរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលជាជនភៀសសឹកជាង ៣០០០គ្រួសារ មកពីស្រុកថ្មពួក និងស្រុកអូរជ្រៅ បានចូលមកតាំងទីលំនៅស្ទើរតែ ១០០ភាគរយ ហើយ នៅក្នុងតំបន់ជម្រកបណ្តោះអាសន្នថ្មីក្នុងឃុំស្លក្រាម ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ទោះបីជាអាជ្ញាធរកំពុងបន្តដោះស្រាយបញ្ហាប្រឈមសេសសល់មួយចំនួនក្តី ប្រជាពលរដ្ឋភាគច្រើនបានបង្ហាញចំណាប់អារម្មណ៍ថា ជម្រកបណ្តោះអាសន្នថ្មីនេះមានលក្ខណៈប្រសើរជាងការបោះជំរំនៅតាមទីវត្តអារាម ដោយសារមានផ្ទះស្នាក់នៅសមរម្យដាច់ដោយឡែកពីគ្នា មានបន្ទប់ទឹកអនាម័យគ្រប់គ្រាន់ និងមានការរៀបចំគិតគូរដល់ការស់នៅក្នុងរដូវវស្សា ដែលនឹងចូលមកដល់ឆាប់ៗនេះ។


អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងបន្ថែម ថា ”ជាការសង្កេត មានបងប្អូនមួយចំនួនក៏បានចាប់ផ្តើមបង្កើតមុខរបរថ្មីៗបណ្តើរៗរួចទៅហើយ ហើយនាពេលខាងមុខនេះ ក្រសួងកសិកម្មក៏នឹងជំរុញសកម្មភាពកសិកម្មទាំងលក្ខណៈគ្រួសារនិងសហគមន៍ ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូល ព្រមទាំងអាចគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ”។


ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថាល្ងាចនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យនឹងរៀបចំកម្មវិធីមួយចំនួន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ជូនបងប្អូនដែលកំពុងស្នាក់នៅទីនោះ ដោយមានការទទួលទាននំបញ្ចុកនិងកម្មវិធីសិល្បៈកម្សាន្តផ្សេងៗ។ កាន់តែពិសេស ឯកឧត្តម ឌិត ទីណា ក៏បានណែនាំឱ្យក្រុមការងារបន្ថែមគោដុតនដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីករាយផងដែរ៕
ដោយ៖ មករា





