ពិធីសំណេះសំណាលសួរសុខទុក្ខនិងប្រគល់អំណោយជូនអតីតយុទ្ធជន នៅស្រុកចុងកាល់
AKP ឧត្ដរមានជ័យ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦-- ពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនអតីតយុទ្ធជន ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅភូមិស្រះទឹក ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនអតីតយុទ្ធជនជាច្រើននាក់ ដែលបានអញ្ជើញមកទទួលអំណោយដោយក្តីសោមនស្សរីករាយ។ អំណោយដែលបានចែកជូនរួមមាន ស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជួយបន្ធូរបន្ថយការលំបាកក្នុងជីវភាពរស់នៅ។


ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន គឺជាកាតព្វកិច្ចដ៏សំខាន់របស់អាជ្ញាធរ និងសង្គមទាំងមូល ដើម្បីសងគុណចំពោះការលះបង់ និងការពារ សន្តិភាពជាតិ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជនបន្តថែរក្សាសុខភាព និងចូលរួមអភិវឌ្ឍន៍សហគមន៍របស់ខ្លួនំឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះ អាជ្ញាធរខេត្តបានបញ្ជាក់ថានឹងបន្តអនុវត្តកម្មវិធីសង្គម និងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីគាំទ្រដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាក ឱ្យមានជីវភាពកាន់តែប្រសើរឡើង។
ពិធីនេះបានបញ្ចប់ក្នុងបរិយាកាសសាមគ្គីភាព និងក្តីសង្ឃឹម បង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់អាជ្ញាធរខេត្តចំពោះអតីតយុទ្ធជន ដែលជាអ្នកមានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ៕


ដោយ AKP





