ខេត្តកែបរៀបចំពិព័រណ៍ម្ហូបអាហារ និងលេងល្បែងប្រជាប្រិយ ដើម្បីចូលរួមលើកកម្ពស់វប្បធម៌ជាតិ
AKP កែប ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦-- នៅមុខសួនច្បារខ្ញុំស្រលាញ់ខេត្តកែប នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកពិព័រណ៍ម្ហូបអាហារ និងលេងល្បែងប្រជាប្រិយ ក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ព្រមទាំងលើកកម្ពស់វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិឱ្យកាន់តែរឹងមាំ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា ល្បែងប្រជាប្រិយ គឺជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលដូនតាជំនាន់មុនៗបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។ ការរៀបចំលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំ មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមអភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណជាតិឱ្យបានបន្តជាយូរអង្វែង។



ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តកែប បានអញ្ជើញទស្សនាពិព័រណ៍ម្ហូបអាហារ ដែលត្រូវបានរៀបចំយ៉ាងសម្បូរបែប និងមានរសជាតិបែបខ្មែរ ព្រមទាំងអំនាវពាវអោយអាជីវករទាំងអស់ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងនេះ ត្រូវរក្សាតម្លៃក្នុងលក់ដូ និងមិនត្រូវលក់ថ្លៃហួសប្រមាណឡើយ៕

ដោយ AKP





