បទវិចារណកថា៖ សួស្តីឆ្នាំថ្មី ! ឆ្នាំមមី ឆ្នាំនៃការបន្សាំនឹងបញ្ហា ឆ្នាំនៃការប្រឹងប្រែង ឆ្នាំនៃឱកាស
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦--
ក្នុងឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស. ២០២៥ កម្ពុជាបានឆ្លងកាត់ដំណាក់កាលលំបាកជាច្រើនតាំងពីបញ្ហាជាតិ រហូតដល់បញ្ហាសកល ប៉ុន្តែកម្ពុជានៅតែបន្តតស៊ូជំនះបានរាល់ការលំបាក ហើយកំពុងតែបោះជំហានទៅមុខ ដូច្នេះសង្ឃឹមថា ចាប់ពីវេលាម៉ោង១០:៤៨នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ យើងទាំងអស់គ្នានឹងប្រឹងប្រែងបន្សាំនឹងបញ្ហា រួចបង្កើត និងកែសម្រួលវាឱ្យទៅជាឱកាស ដើម្បីយកឈ្នះលើអ្វីដែលជាឧបសគ្គ និងការពារមាតុភូមិនៃយើងឱ្យកាន់តែរឹងមាំ។
កាលពីឆ្នាំចាស់ យើងបានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរជាច្រើន។ ជាបញ្ហាជាតិគឺជម្លោះព្រំដែនជាមួយនឹងប្រទេសថៃ ដែលបង្កសង្គ្រាមរំលោភបំពានយ៉ាងកំរោល មកលើបូរណភាពទឹកដីកម្ពុជា ចំនួនពីរដង ពោលគឺខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ បញ្ហាអន្តរជាតិគឺសម្ពាធពន្ធបដិការ និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ហើយកាន់តែធ្ងន់ធ្ងរទៅទៀតនោះគឺទំនាស់ដ៏ក្តៅគគុកនៅមជ្ឈឹមបូព៌ា ដែលមិនទាន់មានដំណោះស្រាយនៅឡើយ។
បញ្ហាទាំងនេះបានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាស្រុតចុះជាបន្តបន្ទាប់ ហើយតាមរយៈការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលទើបតែចេញថ្មីៗនេះបានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងធ្លាក់ចុះពី ៦ភាគរយ នៅឆ្នាំ២០២៤ មកនៅត្រឹម ៥,២ភាគរយ នៅឆ្នាំ២០២៥ ហើយបន្តធ្លាក់ចុះបន្ថែមទៀតដល់ ៤,៥ភាគរយ នៅឆ្នាំ២០២៦នេះ ទម្រាំអាចងើបឡើងដល់៥ភាគរយវិញ នៅឆ្នាំ២០២៧។

ដោយសារតែបញ្ហាដ៏ក្តៅគគុកទាំងនេះ សេដ្ឋកិច្ចកម្ពុជាបានកំពុងតែរងបន្ទុកដ៏ធ្ងន់ធ្ងរ ដូចជាការធ្លាក់ចុះនៃវិស័យសេវាកម្ម វិបត្តិតម្លៃ និងបញ្ហាប្រឈមលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ន្ធ ដែលនាំឱ្យប៉ះពាល់ដល់វិស័យដឹកជញ្ជូន ទេសចរណ៍ កំណើនចំណាយលើថ្លៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាការពិតមកដល់ពេលនេះ សន្តិភាពនៅព្រំដែនគឺជារឿងផុយស្រួយមែនទែន ស្របពេលដែលភាគីថៃនៅតែបន្តរំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា។ រីឯផ្នែកសេដ្ឋកិច្ច វិស័យដែលរងសម្ពាធគឺប្រេងឥន្ធនៈ និងឧស្ម័ន ចំណែកថាមពលអគ្គីសនី អគ្គីសនីកម្ពុជាបានទប់ខាតប្រមាណជា៣៦ លានដុល្លារហើយ ក្រៅពីនោះ រដ្ឋប្រឈមមុខនឹងការបាត់បង់ចំណូលពន្ធមួយខែប្រមាណជា៥០ លានដុល្លារ ដោយសារតែការបញ្ចុះពន្ធ និងអាករលើប្រេងឥន្ទនៈ ដើម្បីជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ។ វិស័យទេសចរណ៍ និងវិស័យសេវាកម្ម ក៏ប្រឈមមុខនឹងការលំបាកដែរ ប៉ុន្តែយើងនៅមានកំណើនលើវិស័យពាណិជ្ជកម្ម។
ទំហំពាណិជ្ជកម្មទ្វេទិសរបស់កម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២៦ បានឈានដល់ ១៦,៩៣ពាន់លានដុល្លារ កើនឡើង១៧ ភាគរយ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន។
ស្ថិតិដែលចេញនៅថ្ងៃទី១០ ខែមេសា បានបញ្ជាក់ថា កម្ពុជាអាចនាំចេញផលិតផលមានតម្លៃ ៨,០៩ពាន់លានដុល្លារ កើនឡើង ១៧,៧ ភាគរយធៀបនឹងឆ្នាំមុន ។ របាយការណ៍នេះបានបន្ថែមថា ទន្ទឹមនឹងនោះកម្ពុជាក៏បាននាំចូលផលិតផលតម្លៃប្រមាណជា ៨,៨៣ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៧ ភាគរយ ធៀបនឹងឆ្នាំមុន។

ប្រឈមមុខនឹងការលំបាកនេះហើយទើបនៅក្នុងព្រឹត្តិការណ៍ទទួលស្វាគមន៍ទេព្តាឆ្នាំថ្មី ព្រះនាម “ រាក្យសាទេវី “ ដែលនឹងយាងមកនៅវេលាម៉ោង១០:៤៨នាទី ព្រឹកថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នេះ គឺរាជរដ្ឋាភិបាលបានរៀបចំនៅក្នុងស្មារតី និងទំនួលខុសត្រូវមួយ ខុសប្លែកពីការរៀបចំកាលពីឆ្នាំមុនៗ។
ជាក់ស្តែង នៅឆ្នាំនេះ យើងមិនបានរៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ដូចឆ្នាំមុនៗទេ ប៉ុន្តែយើងមានព្រឹត្តិការណ៍ នគរសង្ក្រាន្ត នៅរាជធានីភ្នំពេញ ដោយផ្សារភ្ជាប់ជាមួយវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាពលរដ្ឋដែលកំពុងតែរងទុក្ខ បង្កឡើងដោយអំពើឈ្លានពានរបស់ថៃ។
ដោយថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ព្រឹត្តិការណ៍ទទួលស្វាគមន៍ទេព្តាឆ្នាំថ្មីឆ្នាំនេះ រាជរដ្ឋាភិបាលបានសម្រេចរៀបចំនៅក្នុងស្ថានភាពមួយដែលពិចារណាយ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្នគ្រប់យ៉ាង។ រាជរដ្ឋាភិបាលថ្លឹងថ្លែងរវាងហេតុផលជាតិ និងសេចក្តីសុខពលរដ្ឋ ហេតុផលសេដ្ឋកិច្ច និងបញ្ហាជាតិ និងអន្តរជាតិ ប៉ុន្តែទោះបីជាយ៉ាងនៅតែរក្សា និងការពារបាននូវសុខទុក្ខពលរដ្ឋទូទៅ ហើយក៏មិនភ្លេចបងប្អូនប្រជាពលរដ្ឋ និងរីរកងទ័ពដែលកំពុងតែរងទុក្ខលំបាក និងកំពុងបំពេញបេសកម្មការពារជាតិនៅជួរមុខ។

នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅក្នុងនាមជាស្ថាប័នព័ត៌មានជាតិមួយ សូមគោរពជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនជនរួមជាតិទាំងអស់ សូមទទួលបាននូវជោគជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីមាតុភូមិ អង្គរជាទីស្នេហា ដោយសេចក្តីសុខក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ក្នុងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ សូមទទួលបាននូវជោគជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជាពិសេស សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមឱ្យព្រះអង្គទាំងទ្វេមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលំមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់នៃប្រជានុរាស្ត្រខ្មែរ ជាកូន ចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ។

សរុបទៅ សូមឱ្យយើងទាំងអស់គ្នា បន្តស្មារតីជាតិនិយមឱ្យត្រឹមត្រូវ និងមានទំនួលខុសត្រូវ ហើយរួបរួមគ្នាកសាងសាមគ្គីភាពជាតិ ដើម្បីបន្តខិតខំតាមបេសកម្ម និងទំនួលខុសត្រូវពិតប្រាកដ ជំនះបាននូវរាល់ការលំបាកនានា ហើយអាចឈានទៅបន្សំា និងកែច្នៃបញ្ហាប្រឈមទៅជាឱកាស ដើម្បីយើងអាចរំដោះបញ្ហានានាដែលអវិជ្ជមាន ទៅជាវិជ្ជមាន នៅក្នុងឆ្នាំនេះ៕
AKP





