ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមផ្សារភ្ជាប់នូវមនោសញ្ចេតនារឭកនឹកដល់គុណូបការៈចំពោះថ្នាក់ដឹកនាំ និងវីរយុទ្ធជនជួរមុខ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦--
លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាមបានថ្លែងថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម និងសង្ក្រាន្តតាមស្រុកនៅឆ្នាំនេះ គឺបានផ្សារភ្ជាប់នូវមនោសញ្ចេតនារឭកនឹកដល់គុណូបការៈចំពោះថ្នាក់ដឹកនាំ និងវីរយុទ្ធជនជួរមុខ ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន បូជាសាច់ស្រស់ ឈាមស្រស់ ធ្វើជារបាំងការពារបូរណភាពទឹកដី ការពារនូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជន។ ការថ្លែងបញ្ជាក់របស់អភិបាលរងខេត្តបែបនេះក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណមុខសាលាខេត្តកំពង់ចាម ដែលមានការចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។


ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា បើទោះបីស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ នៅមានភាពផុយស្រួយ ប៉ុន្តែដោយមានការអនុញ្ញាតពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខេត្តកំពង់ចាមបានសម្រេចរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម និងសង្ក្រាន្តតាមបណ្តាស្រុក ក្នុងន័យថែរក្សាទំនៀមទម្លាប់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរយើងផង និងដើម្បីបង្កបរិយាកាសកម្សាន្តសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផង។

លើសពីនេះ ការរៀបចំសង្ក្រាន្តកំពង់ចាម និយាយដោយឡែក និងនិយាយជារួម សម្រាប់ការរៀបចំសង្ក្រាន្តទូទាំងប្រទេស គឺមានបង្កប់អត្ថន័យទាំងបច្ចេកទេស និងនយោបាយ៖ ទី១. អត្ថន័យជាបច្ចេកទេស គឺជាការជំរុញចលនាប្រជាជន និងភ្ញៀវទេសចរជាតិ អន្តរជាតិចេញមកទស្សនាលេងកម្សាន្តព្រឹត្តិការណ៍សង្ក្រាន្ត ដែលនឹងបង្កើតឱ្យមានលំហូរចំណូលចំណាយថវិកា គាំទ្រដល់ការជំរុញចរន្តសេដ្ឋកិច្ចរបស់ខេត្ត និងប្រទេសជាតិទាំងមូលឱ្យរស់រវើក និងសកម្ម។ ទី២. អត្ថន័យជានយោបាយ គឺចង់បង្ហាញទៅដល់ពិភពលោកថា កម្ពុជាទាំងថ្នាក់ដឹកនាំ និងប្រជាជន គឺជាអ្នកស្រឡាញ់សន្តិភាព យើងខិតខំបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋនៅគ្រប់កន្លែង ដែលវាពិតជាផ្ទុយទៅនឹងការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាថា ជាអ្នកបង្កសង្គ្រាមមុន ដែលចំណុចទី២នេះទៀតសោត ក៏ចង់បង្ហាញផងដែរថា កម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវមោះមុតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតែរឹងមាំជានិច្ច មិនអាចធ្លាក់ខ្សោយដូចដែលភាគីកងទ័ពថៃចង់បានឡើយ ពោលគឺកងទ័ពកម្ពុជានៅតែរឹងមាំ សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ សាមគ្គីភាពជាតិខ្មែរនៅតែរឹងមាំ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម





