បទយកការណ៍៖ តើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពលរដ្ឋខ្មែរតែងធ្វើអ្វីខ្លះ និងមានជំនឿអ្វីខ្លះ?
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៦--
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំនេះ បានប្រារព្ធឡើងមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦។ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះដែរ គឺជាឱកាសជួបជុំគ្រួសារដែលពលរដ្ឋរៀបចំផ្ទះសម្បែង ទទួលទេវតា រាប់បាត្រ បង្សុកូល ស្តាប់ធម៌ទេសនា ជួបជុំញាតិបងប្អូន លេងល្បែងប្រជាប្រិយ ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងកតញ្ញូចំពោះអ្នកមានគុណ និងកម្សាន្តសប្បាយតាមវត្តអារាម ឬទីកម្សាន្តជិតឆ្ងាយ។
ក្រៅអំពីការប្រតិបត្តិបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមទំនៀមទម្លាប់ដូនតានេះហើយ ពលរដ្ឋកម្ពុជាជាទូទៅមុនពិធីបុណ្យចូលឆ្នាំមកដល់ ក៏តែងទិញសម្លៀកបំពាក់ថ្មី រៀបចំផ្ទះសម្បែងឱ្យស្អាត ដើម្បីទទួលឆ្នាំថ្មី ត្រៀមម្ហូបអាហារសម្រាប់យកទៅវត្ត និងប្រាក់កាសជូនដល់ឪពុកម្តាយ តាយាយ ជាដើម។

សម្រាប់ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ្រឹស្តសករាជ ២០២៦ ត្រូវធ្វើឡើងនៅថ្ងៃអង្គារ ១២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មហាសង្ក្រាន្ត វេលាម៉ោង ១០ និង៤៨ នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក។ ចំពោះថ្ងៃទី២ ត្រូវជាថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាវារៈវ័នបត និងថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាវារៈឡើងស័ក។
ទេវតាឆ្នាំថ្មីនេះ ទេពធីតាព្រះនាម «រាក្យសាទេវី» ជារាជបុត្រីទី៣ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ លម្អនៅព្រះកាណ៌ដោយ សៀតផ្កាឈូក គ្រឿងប្រដាប់កែវមោរា (ត្បូងកែវរាងមូល) ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ (លំពែងផ្លែ៣) ឆ្វេងធ្នូ ពាហនៈសត្វសេះ។


ទាក់ទិននឹងទំនៀមទំលាប់ពិធីបុណ្យចូលឆ្នាំថ្មីនេះ ព្រះសុមេធិវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការ វត្តនទ្ទមុនី ស្ថិតនៅខណ្ឌមានជ័យរាជធានីភ្នំពេញបានមានសង្ឃដីការថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃនេះគឺតាំងពីបុរាណកាលមក ថ្ងៃទី១ ដែលគេឱ្យឈ្មោះថា ថ្ងៃសង្ក្រាន្ត ដែលប្រជាពលរដ្ឋច្រើនប្រតិបត្តិនោះគឺថ្ងៃទី១តែងរៀបចំគ្រឿងសក្ការ ដើម្បីទទួលទេវតា និង យកចង្ហាន់ទៅវត្ត។ ក្រោយពីរៀបចំកម្មវិធីបួងសួងដល់ទេវតាឆ្នាំថ្មីហើយ ជាទម្លាប់ប្រជាពលរដ្ឋខ្មែរ នាំគ្នាទៅវត្តរាប់បាត្រ បង្សុកូលឧទ្ទិសកុសលជូនដល់ឧបការីជនដែលបានបាត់បង់ជីវិតទៅទាំងញាតិសន្តាន និងអ្នកដឹងគុណ។ ទី២ គឺបុព្វបុរសដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងសាសនា។ ព្រះអង្គបានឱ្យដឹងទៀតថា ការយកចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃទី១គឺយកកុសលទៅឧទ្ទិសដល់ឧបការីជនផង និងបុព្វបុរសផង។ សម្រាប់ថ្ងៃទី ២ ហៅថា ថ្ងៃវ័នប័ត ដែលពលរដ្ឋខ្មែររៀបចំជូនទេយ្យវត្ថុ ដល់លោកអ្នកមានគុណ ចែកទានដល់អ្នកទ័លក្រ និងនាំគ្នាទៅវត្តដូចថ្ងៃទី១ដែរពោលគឹដើម្បីឧទ្ទិសកុសលដល់ឧបការីជន និងបុរសបុរសខ្មែរ។ ថ្ងៃទី២នេះដែរគឺពិធីពូនភ្នំខ្សាច់ ឬពូនភ្នំអង្ករ។ ដោយឡែកនៅថ្ងៃទី៣ឬថ្ងៃឆ្លងនៃពិធីបុណ្យចូលឆ្នាំខ្មែរ គេហៅថាថ្ងៃឡើងស័ក។ តាមទំនៀមទម្លាប់ខ្មែរ គេនាំគ្នាទៅឆ្លងបុណ្យនៅវត្ត ដើម្បីរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា និងជាពិសេស គឺធ្វើពិធី ស្រង់ព្រះ។

ក្រៅពីនេះមានការងូតទឹកជូនដល់ព្រះសង្ឃ ងូតទឹកជូនចាស់ទុំទាំងនៅក្នុងវត្ត ឬតាមភូមិរបស់ខ្លួន។ ចំពោះពលរដ្ឋខ្លះទៀតក៏មានការងូតទឹកជូនដល់ឱពុកម្តាយ និងតាយាយរបស់ខ្លួនដើម្បីសុំពរជ័យ និងសិរីសួរស្តីឆ្នាំថ្មី។ពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីបុណ្យចូលឆ្នាំថ្មីនេះដែរ ឯកឧត្តម សាន សម្ផស្ស អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ក៏បានគូសបញ្ជាក់ថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំខ្លះមានចំនួន៣ថ្ងៃ និងឆ្នាំខ្លះទៀតមានចំនួន៤ថ្ងៃ។ ឯកឧត្ដមបានលើកឡើងថា បើផ្អែកតាមប្រវត្តិនោះបានបញ្ជាក់ថាចំពោះឆ្នាំដែលមានពិធីបុណ្យចូលឆ្នាំ មានចំនួន៤ថ្ងៃនោះគឺគេបន្ថែម ថ្ងៃបុណ្យចូលឆ្នាំ ថ្ងៃទី២ ដែលហៅថាថ្ងៃវ័នប័ត។ ទាក់ទិនក្នុងរឿងនេះ ដោយសារតែថាចាស់បុរាណដែលមានប្រាជ្ញាខ្ពង់ខ្ពស់សម័យនោះបានគុណគូរទៅលើដំណើរគោចរនៃព្រះអាទិត្យ ក្នុងនេះពួកគាត់បានគិតទៅលើថ្ងៃបង្រ្គប់ និងថ្ងៃខ្វះ ។ ហេតុនេះថ្ងៃដែលគេបង្កើតថ្ងៃវ័នប័ត គឺសំដៅថ្ងៃដើម្បីបង្រ្គប់ ម្លោះហើយពិធីបុណ្យចូលឆ្នាំ ទើបពេលខ្លះ មានចំនួន៣ថ្ងៃ និងពេលខ្លះទៀត៤ថ្ងៃ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា៖ «ពិធីបុណ្យចូលឆ្នាំថ្មីដែលឆ្នាំខ្លះ៣ថ្ងៃ ឆ្នាំខ្លះទៀត៤ថ្ងៃ ហេតុនេះតទៅយើងលែងច្រឡំ និងឆ្ងល់ហើយ»។

ឯកឧត្តម សាន សម្ផស្ស បានថ្លែងឱ្យដឹងទៀតថា ក្នុងថ្ងៃទី១ហៅថាថ្ងៃមហាសង្រ្កាន ជាថ្ងៃចូលឆ្នាំដំបូង ហើយបើគុណគូរតាមក្បួនចាស់បុរាណខ្មែរទៅឃើញថាការគោចររបស់ព្រះអាទិត្យចាកទី។ ថ្ងៃទី២ ជាថ្ងៃដែលគេហៅថា វ័នប័ត ជាថ្ងៃដែលត្រូវបង្រ្គប់ ឬថ្ងៃដែលខ្វះ ដែលមានន័យថាបើគុណគូរទៅត្រូវចូលឆ្នាំ៣ថ្ងៃគឺគោរព៣ថ្ងៃ តែបើចូលឆ្នាំ៤ថ្ងៃគឺគេនឹងគោរព៤ថ្ងៃតែម្តង។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ «បើឆ្នាំណាមាន៤ថ្ងៃគឺថ្ងៃវ័នប័តដែលជាថ្ងៃទី២នេះមានថ្ងៃវ័នប័តចំនួន២ថ្ងៃ។ សម្រាប់ថ្ងៃទី៣ ឬថ្ងៃទី៤ គេហៅថាថ្ងៃឡើងស័ក អីចឹងហើយទំនៀមទម្លាប់គេនិមន្តព្រះសង្ឃស្រោចទឹកអ្វីផ្សេងៗគេច្រើនយកថ្ងៃឡើងស័ក ដើម្បីឱ្យខ្លួនឯងមានរាសី ដើម្បីឱ្យមានសុខភាពល្អ មានអាយុវែង រកស៊ីមានបានជាដើម»។

ទាក់ទងនឹងការប្រតិបត្តិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ស្ថិតនៅក្នុងភូមិ អន្លង់ធំ ឃុំ ខ្នងភ្នំ ស្រុក ស្វាយលើ ខេត្តសៀមរាបបានប្រាប់ឱ្យដឹងថារាល់ពិធីបុណ្យចូលឆ្នាំថ្មីសហគមន៍របស់លោកតែងរៀបចំពិធីសូត្រមន្តដើម្បីប្រោះព្រំសិរីសួរស្តីក្នុងសហគមន៍។លោកបានបញ្ជាក់ឱ្យដឹងថា ទាំងថ្ងៃទី១ ទី២ និងទី៣ សហគមន៍របស់លោកតែងរួមគ្នាទៅវត្ត និងរួមគ្នាលេងល្បែងប្រជាប្រិយ។ក្រៅពីនេះក៏មានរៀបចំពិធីជប់លៀងក្នុងសហគមន៍ដើម្បីកម្សាន្តសប្បាយដូចជា ឆ្នាំនេះមានការកាប់គោសម្រាប់ប្រជាសហគមន៍មកពិសាររួមគ្នាថែមទៀត។
សូមជម្រាបជូនផងដែរថា សម្រាប់ឈ្មោះទេពធីតាមហាសង្ក្រាន្ត និងគ្រឿងអភរណៈមានដូចជា៖ ១) បើសង្ក្រាន្តជាថ្ងៃអាទិត្យ ទេពធីតាព្រះនាម «ទុង្សទេវី» សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាជ ភក្សាហារផ្លែឧទុម្ពរ (ផ្លៃល្វា) អាវុធស្តាំកងចក្រ ឆ្វេងខ្យងស័ង្ខ ពាហនៈជាសត្វគ្រុឌ។ ២) បើថ្ងៃចន្ទ ទេពធីតាព្រះនាម «គោរាគទេវី» សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់កែវបុក្តា (គជខ្យង) ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈសត្វខ្លា។៣) បើថ្ងៃអង្គារ ទេពធីតាព្រះនាម «រាក្យសាទេវី» សៀតផ្កាឈូក គ្រឿងប្រដាប់កែវមោរា (ត្បូងកែវរាងមូល) ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ (លំពែងផ្លែ៣) ឆ្វេងធ្នូ ពាហនៈសត្វសេះ។ ៤) បើថ្ងៃពុធ ទេពធីតាព្រះនាម «មណ្ឌាទេវី» សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ពិទូរ្យ (កែវ) ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈសត្វលា។ ៥) បើថ្ងៃព្រហស្បតិ៍ ទេពធីតាព្រះនាម «កិរិណីទេវី» សៀតផ្កាមណ្ឌា គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ (ដង្កាវដំរី) ឆ្វេងកាំភ្លើង ពាហនៈសត្វដំរី។

៦) បើថ្ងៃសុក្រ ទេពធីតាព្រះនាម «កិមិរាទេវី» សៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ពាហនៈសត្វក្របី។ ៧) បើថ្ងៃសៅរ៍ ទេពធីតាព្រះនាម «មហោទរាទេវី» សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរតន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈសត្វក្ងោក៕ដោយ៖ មករា និង រិទ្ធី





