សង្ក្រាន្តអូររាំងឪ សូមស្វាគមន៍ភ្ញៀវទេសចររីករាយសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
AKP ត្បូងឃ្មុំ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ -- សង្រ្កាន្តអូររាំងឪ ចាប់ផ្តើមហើយនៅសួនឧទ្យានទន្លេស្ងួត ភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ រៀបចំឡើងដោយក្រសួងបរិស្ថាន រដ្ឋបាលស្រុកអូររាំងឪ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ សង្រ្កាន្តអូររាំង បានបើកដំណើរជាផ្លូវការនាសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងារចុះមូលដ្ឋាន និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងយ៉ាងអធឹកអធម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សង្រ្កាន្តអូររាំងឪ បានប្រារព្ធឡើងជារៀងរាល់ឆ្នាំយ៉ាងអធិកអធមនៅឧទ្យានទន្លេស្ងួត ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងមហាគ្រួសារខ្មែរ រួមទាំងការថែរក្សាតម្លៃវប្បធម៌ខ្មែរ។ ឯកឧត្តម បានថ្លែងលើកឡើងអំពីការរៀបចំពិធីសង្រ្កាន្តឆ្នាំថ្មី ជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំប្រទេស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ការថែរក្សាប្រពៃណីជាតិ ការពារទឹកដី និងសុខសន្តិភាពជូនប្រជាជននិងមាតុភូមិកម្ពុជា។


សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលមូលដ្ឋាន បានជំរុញសកម្មភាពអភិវឌ្ឍន៍គ្រប់វិស័យ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅជូនប្រជាជន។ ជាក់ស្តែង នៅក្នុងស្រុកអូររាំងឪ សមិទ្ធផលថ្មីៗនៃការអភិវឌ្ឍមូលដ្ឋាន បានបង្ហាញឡើងតាមរយៈអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចធិបតី ជូនប្រជាពលរដ្ឋ ដូចជា ការកសាងហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន នៅតាមមូលដ្ឋានទីប្រជុំជន និងជនបទ ការរៀបចំបំពាក់អំពូលសូឡា បំភ្លឺតាមផ្លូវ និងផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្បូងឃ្មុំ ។ល។ ដែលផ្តល់ប្រយោជន៍សេដ្ឋកិច្ចកាន់តែប្រសើរជូនប្រជាពលរដ្ឋ។


សូមបញ្ជាក់ថា សង្ក្រាន្តអូររាំងឪ ឆ្នាំ២០២៦ ប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ - ១៦ ខែមេសា ឆ្នាំ២០២៥ ដែលមានការតាំងពិព័រណ៍ស្តង់សមិទ្ធផលរបស់រដ្ឋបាលស្រុក រដ្ឋបាលឃុំទាំ៧ ស្តង់យុវជន កន្លែងកម្សាន្ត កន្លែងវប្បធម៌ ការរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយខ្មែរ ថែរកេរ្ត៍ដូនតា ការប្រកួតកីឡា ស្តង់ពិព័រណ៍ចំណីអាហារ និងការប្រគំតន្ត្រីកម្សាន្តនាពេលរាត្រី៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ក្រសួងបរិស្ថាន)





