កម្លាំងកីឡាករ កីឡាការិនីយុទ្ធគុនចម្រុះជាង ១០០នាក់នឹងសម្តែងសិល្បៈក្បាច់គុន មរតកដូនតាខ្មែរ នៅព្រឹត្តិការណ៍នគរសង្គ្រាន្ត ចាប់ពីថ្ងៃស្អែកតទៅ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦--នៅក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្ត រយៈពេល៦ថ្ងៃ ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងមានការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណជាច្រើនទម្រង់ ដើម្បីអង្រួនសិល្បៈក្បាច់គុនមរតកដូនតាខ្មែរជូនដល់ភ្ញៀវជាតិ-អន្តរជាតិនូវសក្តានុពលនៃក្បាច់គុនខ្មែរដ៏សម្បូរបែបរបស់ខ្មែរ។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានគូសបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្ត រយៈពេល៦ថ្ងៃ ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះនឹងមានការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណ ដែលនៅក្នុងនោះមានប្រភេទកីឡាគុនល្បុក្កតោ ក្រពើហារ ខ្លាក្រាប គុនដំបង ក្បាច់គុនកងយោធពលខេមរភូមិន្ទ យុទ្ធគុនខមជាដើម ដោយមានកម្លាំងកីឡាករ កីឡាការិនីចូលរួមសរុប ជាង ១០០នាក់។ កម្លាំងកីឡាករ កីឡាការិនីជាង១០០នាក់នេះនឹងបែងចែកទៅតាមក្រុមនីមួយៗ នៅឈរនៅទីតាំងជាច្រើន ក្នុងនោះមានទីតាំងអចិន្ត្រៃយ៍មួយ ស្ថិតនៅក្នុងភូមិវប្បធម៌ (ក្រោយផ្សាររាត្រី)។ ចំពោះក្រុមផ្សេងៗទៀត នឹងសម្តែងនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ (Walk Street) ដូចជាការសម្តែងនូវទស្សនីយភាពដើរក្បួនជាទ័ពបុរាណ ដើម្បីបង្ហាញទស្សនីយភាពប្លែកៗជូនបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទស្សនា ព្រឹត្តិការណ៍នគរសង្រ្កាន្ត នៃពិធីបុណ្យចូលឆ្នាំថ្មីផង និងផ្សព្វផ្សាយជូនដល់ភ្ញៀវជាតិ-អន្តរជាតិនូវសក្តានុពលក្បាច់គុនខ្មែរបុរាណរបស់យើងផង។


ការរៀបចំផ្សព្វផ្សាយយុទ្ធគុនចម្រុះខ្មែរបុរាណ នៅក្នុងកម្មវិធីសំខាន់ៗ ដូចជាលើកនេះស្ថិតក្រោមការរៀបចំរបស់គណៈកម្មការ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបំផុសក្បាច់គុនចម្រុះខ្មែរបុរាណទាំងអស់ ដែលមាននៅក្នុងប្រទេសខ្មែរឱ្យចូលជាក្រុមមួយ ដើម្បីបង្ហាញពីក្បាច់គុនមរតកដូនតាខ្មែរ។ ដូច្នេះហើយក្រុមការងាររៀបចំយុទ្ធគុនចម្រុះបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីត្រៀមសម្តែងជូនមហាជន នៅក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្ត នេះឱ្យកាន់តែអធិកអធមបន្ថែមទៀត។


គួរបញ្ជាក់ថា ចំពោះកម្មវិធីសំខាន់ៗ នៅក្នុងចំណោមកម្មវិធី៦ថ្ងែនេះ គឺ១.សម្ដែងលើឆាកធំក្នុងភូមិវប្បធម៌ ថ្ងៃទី១៤ ខែមេសា (ម៉ោង ៧:00 ដល់៧:៣០នាទីយប់) មានការចូលរួមទស្សនាពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក។ ២.សម្ដែងទម្រង់ពិសេសនៅផ្លូវថ្មើជើងចតុមុខ ថ្ងៃទី១៦ ខែមេសា (ចាប់ពីម៉ោង ៥:៣០ ដល់ម៉ោង ៨:០០នាទីយប់)។ ៣.សម្ដែងទម្រង់ពិសេសនៅរមណីយដ្ឋានវត្តភ្នំ ថ្ងៃទី១៧ ខែមេសា (ចាប់ពីម៉ោង ៥:៣០ ដល់ម៉ោង ៨:០០នាទីយប់)៕
ដោយ ហេង ណាលីន





