បេក្ខភាពឆ្នើមៗអុកចត្រង្គ ផ្នែកមហាជន និងកុមារចាប់ផ្តើមប្រកួតជុំផ្តាច់ព្រ័ត្រ រសៀលថ្ងៃស្អែកតទៅ អបអរបុណ្យចូលឆ្នាំថ្មី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦--បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គជម្រុះ កន្លងទៅ ការប្រកួតកីឡាអុកចត្រង្គ ជើងឯកកុមារ និងមហាជននៃព្រឹត្តិការណ៍នគរសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦បានរកឃើញបេក្ខភាពកីឡាករខ្លាំងៗ ឡើងទៅជុំផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ នៅក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្ត អមបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅរាជធានីភ្នំពេញ។
លោក ហូយ សូណា អគ្គលេខាធិការរង សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាទទួលបន្ទុកប្រធានគណៈកម្មការរៀបចំបានបញ្ជាក់ថា បេក្ខភាពជើងខ្លាំងៗទាំង៨នាក់ ដែលត្រៀមប្រកួតជុំផ្តាច់ព្រ័ត្រ ផ្នែកមហាជន រួមមាន៖កីឡាករ សោម វណ្ណឌី, ឈាវ បូរ៉ា, សៀវ ស៊ីន, សុខ លីមហេង, ធីម ធីណា, ជា ស៊ីដេត, ឆយ វីរ៉ា និងកីឡាករ ស៊ឹម សុធារិទ្ធ។ ចំពោះបេក្ខភាពផ្នែកកុមារ មាន៤នាក់ រួមមាន៖ កីឡាករ ឈាវ បុរិន្ទ, អែម ណាតាន, សេង វុត្រា និងកុមារ ជឹង ផេងឡេង។ គួរបញ្ជាក់ថា ការប្រកួតកីឡាអុកចត្រង្គ ជើងឯកកុមារ និងមហាជននេះនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត អបអរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដើម្បីអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាអត្តសញ្ញាណព្រលឹងវប្បធម៌ជាតិខ្មែរមួយនេះឱ្យបន្តរស់នៅជាមួយប្រជាជនជានិច្ចនិរន្ត។


លោក ហូយ សូណា គូសបញ្ជាក់ថា សម្រាប់ការប្រកួតផ្នែកមហាជនដើម្បីស្វែងរកស្តេចអុក នគរសង្ក្រាន្ត នឹងត្រូវដំណើរកាលពីម៉ោង ២:៣០ រសៀល ថ្ងៃទី១៤ខែមេសា ស្អែកនេះ ដោយចាប់ឆ្នោតជ្រើសរើសគូប្រកួត និងប្រកួតវិលជុំសន្សំពិន្ទុក្នុងក្រុម ជុំទី១។ ថ្ងៃទី១៥ ខែមេសា បន្តប្រកួតវិលជុំសន្សំពិន្ទុ ក្នុងក្រុម ជុំទី២, ថ្ងៃទី១៦ ខែមេសា បន្តប្រកួតជុំទី៣ និងថ្ងៃទី១៧ ខែមេសា ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំពោះថ្ងៃទី១៨ ខែមេសា ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ហើយនៅថ្ងៃទី១៩ ខែមេសា ប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមតំណែង ស្តេចអុក ប្រចាំឆ្នាំ២០២៦។

ដោយឡែកសម្រាប់ការប្រកួតផ្នែកជើងឯកកុមារ ប្រកួតរយៈពេល៤ថ្ងៃ ពេលរសៀលដូចៗគ្នា ពីថ្ងៃទី១៥-១៨ ខែមេសា ដោយថ្ងៃដំបូងធ្វើពិធីចាប់ឆ្នោតជ្រើសរើសគូប្រកួត ប្រកួតខ្វែងជម្រុះ ប្រកួតដណ្តើមលេខ៣ និងចំណាត់ថ្នាក់លេខ១ ដណ្តើមជើងឯកតែម្តង។

ការប្រកួតអុកចត្រង្គព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គ្រោងប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ នៅក្នុងទីតាំងផ្សារាត្រី តំបន់ភូមិវប្បធម៌ រាជធានីភ្នំពេញ។ ការបង្ហាញនូវកាលវិភាគប្រកួតអុចត្រង្គ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ឆ្នាំ២០២៦ នេះ ស្របពេលក្រុមការងារ ស.ស.យ.ក សហការជាមួយសហព័ន្ធកីឡាអុចត្រង្គកម្ពុជាបានបញ្ចប់រៀបចំការប្រកួតជម្រុះមហាជន និងកុមារ ដើម្បីស្វែងរកបេក្ខភាពឆ្នើមៗ ឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកស្ដេចអុកចត្រង្គ ប្រចាំឆ្នាំ២០២៦។
គួររម្លឹកថា បេក្ខភាពកីឡាករខ្លាំងៗ៨នាក់ចុងក្រោយ និងបេក្ខភាព៤នាក់ចុងក្រោយ ត្រៀមប្រកួតនៅជុំផ្តាច់ព្រ័ត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចាប់ពីរសៀលថ្ងៃស្អែកនេះ គឺបេក្ខភាពឆ្នើមៗ ដែលបានប្រកួតឈ្នះ នៅវគ្គជម្រុះ ដែលមានការចូលរួមពីកីឡាករសរុប ១១៦នាក់មកពី ១៩រាជធានី-ខេត្ត (កុមារ-មហាជន)៕ ដោយ ហេង ណាលីន





