បទយកការណ៍៖ សិរី៣ប្រការមនុស្សត្រូវរក្សាគ្រប់ពេលវេលា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦--ប្រជាពលរដ្ឋកម្ពុជាភាគច្រើនធ្លាប់ដឹងធ្លាប់ឮព្រះសង្ឃទេសនាអំពីសិរី៣ប្រការ ដែលមនុស្សត្រូវរក្សាឱ្យបានគ្រប់ពេលគ្រប់វេលា ដើម្បីធ្វើឱ្យជីវិតមានសិរីសួស្ដី សុមង្គលក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ ក្នុងប្រទេស និងពិភពលោកទាំងមូល។
នៅពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចូលមកដល់ជារៀងរាល់ឆ្នាំ មានការបកស្រាយពន្យល់ពីព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងបណ្ឌិតអ្នកមានចំណេះជំនាញធម៌អថ៌ ពីពាក្យ សិរី៣ប្រការ។ ពាក្យនេះ ជាទូទៅមនុស្សយល់ថា សិរី៣ប្រការនេះ សម្រាប់គោរពប្រតិបត្តិតែក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរតែប៉ុណ្ណោះ។ តាមពិត សិរី៣ប្រការនេះ ជាធម៌សម្រាប់មនុស្សលោកអនុវត្តប្រតិបត្តិក្នុងជីវិតគ្រប់ពេលទាំងអស់។
ពាក្យថា សិរី នៅក្នុងវចនានុក្រមខ្មែរ មានអត្ថន័យថា លម្អដែលគួរឱ្យស្រឡាញ់; សួស្ដី, មង្គល; ជោគ; សេចក្ដីសុខ, សេចក្ដីចម្រើន; បុណ្យ, សំណាងល្អ ....។

ក្នុងកម្មវិធីសម្ដែងព្រះធម៌ទេសនាមួយ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ស្ថាបនិកអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា បានឆ្លើយសំនួរសម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម ទាក់ទងពាក្យ សិរី៣ប្រការនេះ ប្រកបដោយខ្លឹមសារងាយយល់ ងាយចងចាំសម្រាប់សាធុជនទូទៅ។
ក្នុងព្រះធម៌ទេសនានោះ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ បានពន្យល់ពុទ្ធបរិស័ទជាច្រើននាក់ដែលកំពុងអង្គុយស្ដាប់ព្រះធម៌នោះថា«មែនទែនទៅសិរី៣ប្រការនេះ យើងមិនគួរនិយាយតែក្នុងឱកាសរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំហ្នឹងទេ ចង់និយាយថា ក្នុងជីវិតរបស់យើងគ្រប់គ្នា គប្បីទ្រទ្រង់សិរីទាំងបីហ្នឹង ឱ្យបានគ្រប់ពេលគ្រប់វេលា មែនទែនទៅដូចរឿងចូលឆ្នាំនេះក៏យើងឃើញមានទេពធីតា៧អង្គជាបុត្រីរបស់មហាព្រហ្ម ហើយទាំង៧អង្គតំណាងឱ្យពេលវេលាទាំង៧ថ្ងៃ ដែលមនុស្សយើងគប្បីធ្វើខ្លួនជាទេវតាសាងអំពើល្អមានការរក្សានិច្ចសីលប្រព្រឹត្តិល្អរាល់ថ្ងៃ កុំធ្វើតែបីថ្ងៃក្នុងពេលចូលឆ្នាំ ព្រោះជីវិតមនុស្សរស់នៅនឹងអំពើល្អហ្នឹងឯង»។
ទាក់ទងសិរី៣ប្រការនេះ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ បានពន្យល់ជាន័យត្រង់ថា ពេលព្រឹក សិរី នៅត្រង់មុខ ដោយព្រលឹមឡើងយើងត្រូវលុបមុខ ពេលថ្ងៃ សិរី នៅត្រង់ទ្រូង ដោយពេលក្ដៅយើងត្រូវយកទឹកមកលាបលនស្រលាបទ្រូង ពេលល្ងាច សិរី នៅត្រង់ជើង ដោយយើងត្រូវជូតជើង សម្អាតជើងមុននឹងចូលនិទ្រាសម្រាកសម្រាន្តកាយ។
ប៉ុន្តែក្នុងន័យអប់រំក្នុងព្រះពុទ្ធសាសនាវិញ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ បានពន្យល់ថា សិរីសួស្ដី សម្រាប់ជីវិតរបស់យើងគ្រប់គ្នា ពេលព្រឹកនៅត្រង់មុខគឺសំដៅដល់វាចារបស់យើង ហើយត្រង់ទ្រូងសំដៅដល់ផ្លូវចិត្តរបស់យើង ចំណែកត្រង់ជើងសំដៅដល់កាយរបស់យើង។ ក្នុងន័យនេះ ព្រះបញ្ញាមុនីញាណ មានសង្ឃដីកាថា «អីចឹងមែនទែនទៅក្នុងជីវិតរបស់យើងរាល់ថ្ងៃនេះ គឺយើងរស់នៅតែហ្នឹងរឿងបី(សិរី៣ប្រការ)នេះឯង ហៅថា ជាកុសលកម្ម អកុសលកម្ម បានន័យថា អំពើជាកុសលក្ដី អកុសលក្ដី ប្រព្រឹត្តិទៅតាមផ្លូវកាយ ផ្លួវវាចា និងផ្លូវចិត្តហ្នឹងឯង អត់មានអីលើសពីប៉ុណ្ណឹងទេ ដំណើរជីវិតរស់នៅតាំងពីព្រឹករហូតដល់ពេលយប់ ក្រោកឡើងយើងមានសកម្មភាព បីហ្នឹងឯង គឺកាយ វាចា ចិត្ត ហ្នឹងឯង។ ព្រះសម្មាសម្ពុទ្ធឱ្យយើងប្រយ័ត្នបីនេះឯង ប្រយ័ត្ន កាយ វាចា និងចិត្ត ដូច្នេះធ្វើល្អតាមកាយ ក៏យើងត្រូវធ្វើ តាមវាចាក៏យើងធ្វើ តាមចិត្តក៏យើងត្រូវធ្វើ គឺបានសិរី៣ប្រការហើយ មិនចាំបាច់ទៅស្វែងរកសិរី៣ប្រការពីទីណាទៀតទេ»។

លោក ញ៉ឹក ចំរើន នាយកសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា (ភាសាជប៉ុន) និងជាអគ្គនាយក ក្រុមហ៊ុន ហ្គ្រោវីង ផៅវ័រ (បញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុន) បានបង្ហាញការយល់ឃើញថា សិរី៣ប្រការនេះ ពោលគឺ សិរីពេលព្រឹកនៅមុខ ដោយយើងយកទឹកមកលុបលាងមុខ រហូតដល់ល្ងាច សិរីនៅត្រង់ជើង ពោលគឺ មុនចូលគេងត្រូវលាងជើង ជាការដាស់តឿនមនុស្សឱ្យចេះរក្សាអនាម័យល្អ ធ្វើឱ្យរាងកាយមានសុខភាពល្អ សមដូចព្រះពុទ្ធទ្រង់សម្ដែងថា «ការមិនមានរោគជាលាភដ៏ប្រសើរ»។ ស្របពេលជាមួយគ្នានេះ នាយកសាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា ក៏បានជូនពរប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ធ្វើដំណើរដោយប្រុងប្រយ័ត្ន អធ្យាស្រ័យគ្នាក្នុងការបើកបរ ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ដើម្បីមានសុខសួស្ដី សិរីមង្គលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក ហង្ស ម៉េន ប្រធានផ្នែករដ្ឋបាលនិងធនធានមនុស្សនៅផ្សារទំនើប យូភីន សបភីង ម៉ល ភ្នំពេញ ក៏យល់ឃើញថា សិរី៣ប្រការនេះ គឺចាំបាច់ណាស់សម្រាប់ការប្រតិបត្តិក្នុងជីវិត ដើម្បីរួមរស់ជាមួយគ្នាក្នុងសហគមន៍មួយប្រកបដោយសុខដុមរមនា សុភមង្គល។

ចំណែកឯ លោក ខុន ចាន់យ៉ាន នាយកសាខានៃសាលាប៊ែលអី អន្តរជាតិទី១១(សាខាផ្សារតូច) បានបញ្ជាក់ថា អត្ថប្រយោជន៍នៃសិរី៣ប្រការមិនមែនមានតែបីថ្ងៃគឺ ថ្ងៃមហាសង្រ្កាន្ត ថ្ងៃវារៈវ័នបត និងថ្ងៃឡើងស័កនោះទេ គឺមានជារៀងរាល់ថ្ងៃ។
លោក ខុន ចាន់យ៉ាន បានលើកឡើងថា«ការប្រកបរបរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរបស់យើងគឺកើតឡើងជាប្រចាំ អីចឹងទេ មួយថ្ងៃៗ សិរីគឺមាន៣ហ្នឹងឯង គឺនៅលើមុខ នៅលើទ្រូង និងនៅលើជើង ចឹងវាកើតឡើងរាល់ថ្ងៃ មិនថា កើតឡើងតែពេលចូលឆ្នាំ ខុសថ្ងៃចូលឆ្នាំ មិនមានសិរីគឺមិនមែនទេ»។
សរុបសេចក្ដីមក តាមការសម្ដែងរបស់ព្រះសម្មាសម្ពុទ្ធ ពេលណាដែលសត្វទាំងឡាយ ប្រព្រឹត្តល្អដោយកាយ វាចា ចិត្ត ពេលនោះ ឈ្មោះថា នក្ខត្តឫក្សល្អ មង្គលល្អ ពេលភ្លឺស្វាងល្អ ពេលនៃអរុណរះឡើងល្អ ខណៈល្អ យាមល្អ (ទានដែលបុគ្គលបូជា) ដល់ព្រហ្មចារីបុគ្គលទាំងឡាយ (ក្នុងពេលនោះ) ឈ្មោះថា ជាគ្រឿងបូជាហើយដោយល្អ៕
ដោយ៖ គង់ សិរីរ័ត្ន





