ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញចុះពិនិត្យការរៀបចំសោភ័ណភាព និងទីតាំងលេងល្បែងប្រជាប្រិយ ត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
AKP ត្បូងឃ្មុំ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បានចុះពិនិត្យមើលដោយផ្ទាល់នូវការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងការតុបតែងកែវលម្អសោភ័ណភាព នៅទីតាំងប្រារព្ធកម្មវិធី និងតំបន់លេងល្បែងប្រជាប្រិយខ្មែរ ដែលស្ថិតក្នុងបរិវេណតំបន់រដ្ឋបាលសាលាខេត្ត។

ការអញ្ជើញចុះពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមអភិបាលខេត្ត នៅពេលនេះ គឺធ្វើឡើងដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់ល្អ សុវត្ថិភាព និងបរិយាកាសស្រស់ស្អាត សម្រាប់ត្រៀមលក្ខណៈទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកលេងកម្សាន្តសប្បាយ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បាន និងកំពុងមមាញឹកក្នុងការរៀបចំតុបតែងលម្អភ្លើងពណ៌ ទីតាំងថតរូបកម្សាន្ត និងការរៀបចំទីតាំងទូលាយសម្រាប់លេងល្បែងប្រជាប្រិយខ្មែរ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ និងអបអរសាទរពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ៕


ដោយ AKP





