ក្រុមការងារសង្គ្រោះបឋម និងបន្ទាន់នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត បានរៀបចំក្រុមគ្រូពេទ្យសម្រាប់ជួយសម្រួលដល់សុខភាពបងប្អូន និងអ្នកទេសចរ នៅក្នុងព្រឹត្តិការណ៍នេះ
AKP សៀមរាប ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦--លោក ហួត សូនី សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តសៀមរាប និងជាប្រធានក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ នៃកម្មវិធីសៀមរាបសង្ក្រាន្តបានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះថា ដើម្បីជួយសម្រួលដល់សុខភាពបងប្អូន និងអ្នកទេសចរ ដែលមកកម្សាន្តនៅខេត្តសៀមរាប ក្នុងកម្មវិធីសៀមរាបសង្ក្រាន្តឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយការសប្បាយរីករាយ ក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ របស់មន្ទីរសុខាភិបាលខេត្តរៀបចំសម្រាប់ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត គឺបានរៀបចំក្រុមគ្រូពេទ្យជាង២០០នាក់ ចំនួន៤គោលដៅ ដោយក្នុងនោះមានគោលដៅទី១ស្ថិតនៅក្បែរស្ពានថ្មព្រះរាជដំណាក់ ទី២ស្ថិតនៅក្បែរព្រះវិហារព្រះអង្គចេកព្រះអង្គចម ទី៣ស្ថិតនៅក្បែរមន្ទីរបក្សខេត្ត និងគោលដៅទី៤ស្ថិតនៅខាងកើតស្ទឹងទល់មុខវេទិកាអុំទូក ក្រៅពីគោលដៅទាំង៤ក្នុងក្រុង នៅភូមិព្រះដាក់ស្រុកបន្ទាយស្រីក៏បានរៀបចំដូចគ្នាដែរ។

លោកបានបន្តថា ករណីមានប្រជាពលរដ្ឋគាត់សង្ស័យថា មិនស្រួលខ្លួន ចុកពោះ ខ្យល់ចាប់ រាគរុស ចុករមួលដៃជើងជាដើម។ល។ យើងមានក្រុមគ្រូពេទ្យប្រចាំការ ជួយពិគ្រោះពិនិត្យជំងឺនិងផ្តល់ថ្នាំជូន ទៅតាមអាការរោគ។ លោកបន្តថា លើសពីនេះ ក៏មានក្រុមការងារប្រចាំការនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត និងនៅតាមមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិព្រមទាំងមណ្ឌលសុខភាពនានាទូទាំងខេត្ត សម្រាប់ឆ្លើយតប ជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិក្នុងករណីសង្គ្រោះបន្ទាន់ផងដែរ។

លោក ហួត សូនី ក៏បានអំពាវនាវដល់បងប្អូនដែលធ្វើដំណើរកម្សាន្តនៅតាមទីជិតឆ្ងាយសូមប្រុងប្រយ័ត្នពីសុខភាពខ្ពស់ កុំបរិភោគអាហារខ្វះអនាម័យ ត្រូវទទួលទាន់ទឹកឱ្យបានច្រើន ព្រោះនេះជារដូវក្តៅ បើមានបញ្ហាសុខភាពសូមប្រញាប់ទៅកាន់ទីតាំងនិងគោលដៅ ក្រុមគ្រូពេទ្យ នឹងពិនិត្យព្រមទាំងផ្តល់ថ្នាំជូនទៅតាមអាការរោគ។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស. ២០២៦ នេះ សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្តនិងមន្ទីរអង្គភាពពាក់ព័ន្ឋបានរៀបចំព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ ដោយមានកម្មវិធីប្រពៃណី និងកម្មវិធីកម្សាន្តជាច្រើននៅតាមបណ្តោយស្ទឹងក្នុងក្រុងសៀមរាប៕

ដោយ ឃុត សៅ





