អភិបាលស្រុកស្ទោងជំរុញឱ្យអាចារ្យ គណៈកម្មការ និងព្រះចៅអធិការវត្ត ត្រូវធ្វើផែនការ និងប្លង់មេឱ្យបានច្បាស់លាស់សម្រាប់អភិវឌ្ឍវត្តប្រកបដោយរចនាសម្ព័ន្ធ និងសោភ័ណភាព
AKP កំពង់ធំ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦--លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ជំរុញដល់លោកអាចារ្យ គណៈកម្មការ និងគ្រូចៅអធិការវត្តត្រូវធ្វើផែនការ និងប្លង់មេឱ្យបានច្បាស់លាស់សម្រាប់អភិវឌ្ឍវត្តប្រកបដោយរចនាសម្ព័ន្ធ និងសោភ័ណភាព។ លោកអភិបាលស្រុកបានជំរុញដូចនេះក្នុងឱកាសដែលលោក និងសហការីអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់នូវឧបដ្ឋានសាលា និងស្រះទឹកនៅវត្តបន្ទាយស្ទោងស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។

លោកអភិបាលស្រុកបានកោតសរសើរខ្ពស់នូវស្មារតីរួបរួមសាមគ្គីសហការគ្នា លះបង់អស់ពីកម្លាំងកាយចិត្ត និងទ្រព្យធនរបស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ជាពិសេសព្រះគ្រូចៅអធិការលោកអាចារ្យ គណៈកម្មការដែលបានដឹកនាំកសាងបាននូវសមិទ្ធផលមិនអាចកាត់ថ្លៃបានទុកជាសម្បត្តិរួមនៅក្នុងវត្ត និងពុទ្ធសាសនាជាពិសេស អាចប្រើប្រាស់បានយ៉ាងទូលំទូលាយនិងតាមតម្រូវការយ៉ាងជាក់ស្ដែងបំផុតហើយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងប្រទេសជាតិ។

លោកអភិបាលស្រុកស្ទោងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសឪពុកម្ដាយអាណាព្យាបាលត្រូវធ្វើការអប់រំណែនាំបុត្រធីតារបស់ខ្លួនឱ្យបានប្រកបដោយគន្លងធម៌ ព្រមទាំងបញ្ជូនទៅសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់រហូតដល់សាលាវិជ្ជាជីវៈ ឬសាកលវិទ្យាល័យ តាមបរិបទនៃវិទ្យាសាស្រ្តនិងសង្គមឌីជីថល។ មានតែចំណេះវិជ្ជាទេដែលអាចធ្វើការផ្លាស់ប្ដូរ និងកំណត់ជោគវាសនាអនាគតរបស់យើងម្នាក់ៗឱ្យបានល្អប្រសើរឡើង។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងឃុំបន្ទាយស្ទោងដែលបានទទួលនូវសមិទ្ធផល និងការអភិវឌ្ឍដ៏អស្ចារ្យពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបន្ទាយស្ទោង កំពុងបន្តកសាងបន្ថែមជាពិសេសទំនប់ស្ទាក់ទឹកស្ទឹងស្ទោងដែលបាន និងកំពុងដំណើរការសាងសង់ ដែលនឹងជួយបង្កើនជីវភាពពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោង និងឃុំផ្សេងៗក៏ដូចជាស្រុកស្ទោងឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកអភិបាលស្រុកបានអំពាវនាវដល់យុវជនត្រូវកម្សាន្តសប្បាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយទំនួលខុសត្រូវ ព្រមទាំងបើកបរបញ្ជាយានយន្តដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់។
សូមបញ្ជាក់ថា ក្នុងឱកាសនោះ លោក សាយ គឹមឡម និងសហការីបានចូលរួមបុណ្យនូវបច្ច័យក្នុងការកសាងចំនួន១លាន២សែនរៀល ស្រះទឹកមានទំហំ៤០ម៉ែត្របួនជ្រុងជាការរួមរបស់ពុទ្ធបរិស័ទ ឧបដ្ឋានសាលាមានទំហំ១០ម៉ែត្រគុណ១៣ម៉ែត្រ ជាអំណោយលោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង៕
ដោយ ស៊ុម វណ្ណា





