ឯកឧត្ដម ឃួង ស្រេង៖ យើងរួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ជាតិល្អផូរផង់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា យើងរួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ជាតិល្អផូរផង់ខ្មែរយើងរុងរឿង។ ឯកឧត្ដមបានបញ្ជាក់បែបនេះក្នុងឱកាសសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៧៥អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម “រាក្យាសាទេវី” ជាបុត្រីទី៣របស់កបិលមហាព្រហ្មដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង១០ និង៤៨នាទីព្រឹក នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។ ពិធីរាប់បាត្រនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

ពិធីនេះត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានី និងសាលាខណ្ឌទាំង១៤មន្ទីរ អង្គភាពស្ថាប័ននានាយ៉ាងច្រើនផងដែរ។ ពិធីនេះក៏បានបង្ហាញឱ្យឃើញពីការគោរពប្រតិបត្តិប្រពៃ ណីទំនៀមទម្លាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មីដើម្បីបណ្តេញគ្រោះចង្រៃឧបទ្រុពផងទាំងពួងដែលកើតមានកាលពីឆ្នាំចាស់ និងសុំពរជ័យពីទេវតាឆ្នាំថ្មីក៏ដូចជារួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់ខ្មែរយើង។ នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍនៅរាជធានីភ្នំពេញ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ពិធីបុណ្យចូលឆ្នាំនេះបានរៀបចំឡើងយ៉ាងអធឹកអធមជាងឆ្នាំកន្លងទៅ ដោយឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានប្រកាសជូនដំណឹងពីការហាមដាច់ខាត ចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទ ខណៈដែលអាកាសធាតុ ក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើង៕


ដោយ សួស សំរិត





