ក្រសួងអប់រំ យុវជន និងកីឡា ថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦-- ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានខ្លឹមសារថា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្ស ទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡា សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរជ័យ សិរីសួស្តី មហាបវរ មហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

ក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយសេចក្តីសោមនស្សរីករាយបំផុតនៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវកត្តញ្ញុតាធម៌ និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធព្រះរាជធម៌ ជាពិសេសព្រះអង្គតែងមានព្រះទ័យជ្រះថ្លាបរិសុទ្ធ ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា អប់រំ សង្គមកិច្ច មនុស្សធម៌ សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជានុរាស្ត្រ និងប្រជាជនជួបប្រទះនូវឧបទ្ទវហេតុនានា។

ក្នុងមនោសញ្ចេតនារំភើបសប្បាយរីករាយ ទូលព្រះបង្គំយើងខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា សូមលើកហត្ថប្រណម្យបួងសួងចំពោះគុណបុណ្យបារមី ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមព្រះមេត្តាប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ជាទីជ្រកកោនដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជាអង្វែងតរៀងទៅ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





