ក្រសួងអប់រំ យុវជន និងកីឡា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦-- ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលមានខ្លឹមសារថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្ស ទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡា សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរជ័យ សិរីសួស្តី មហាបវរ មហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

ក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយសេចក្តីសោមនស្សរីករាយបំផុតនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវកត្តញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះអង្គ ក្នុងព្រះរាជសកម្មភាពជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី និងសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជានុរាស្ត្រ និងលើកកម្ពស់តួនាទីស្ត្រីក្នុងសង្គមកម្ពុជា ជាពិសេស ព្រះអង្គតែងតែមានព្រះរាជហឫទ័យសប្បុរស ប្រោសព្រះរាជទានព្រះរាជទ្រព្យជាបន្តបន្ទាប់ ដើម្បីគាំទ្រនិងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា អប់រំ សង្គមកិច្ច មនុស្សធម៌ សុខុមាលភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសអ្នកដែលជួបប្រទះឧបទ្ទវហេតុនានា។

ក្នុងមនោសញ្ចេតនារំភើបសប្បាយរីករាយ ទូលព្រះបង្គំយើងខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា សូមលើកហត្ថប្រណម្យបួងសួងចំពោះគុណបុណ្យបារមីព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាមរាក្យសាទេវី សូមព្រះមេត្តាប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ជាទីជ្រកកោន ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជាអង្វែងតរៀងទៅ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





