ថ្នាក់ដឹកនាំខេត្តសៀមរាបជូនដំណើរពុកម៉ែបងប្អូនប្រជាពលរដ្ឋឡើងជិះរថយន្តក្រុងឥតគិតថ្លៃទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦-- លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល ជូនដំណើរពុកម៉ែបងប្អូនប្រជាពលរដ្ឋ ឡើងជិះរថយន្តក្រុងឥតគិតថ្លៃ ទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោក លី សារី បានលើកឡើងថា ការរៀបចំរថយន្តក្រុងដឹកជញ្ជូនឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ មិនត្រឹមតែជួយកាត់បន្ថយការចំណាយរបស់បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាយថវិការបស់បងប្អូនប្រជាពលរដ្ឋយើង កាត់បន្ថយការកកស្ទះចរាចរណ៍ដែលតែងតែកើតមានក្នុងអំឡុងពេលឈប់សម្រាកនេះ។ លោកថានេះគឺជាកាយវិការប្រកបដោយមនោសញ្ចេតនា និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសក្នុងឱកាសពិធីបុណ្យជាតិធំៗ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប និងបងប្អូនប្រជាពលរដ្ឋ លោកអភិបាលខេត្តបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានផ្ដល់នូវមធ្យោបាយដឹកជញ្ជូនពួកគាត់មកកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ មិត្តភក្កិ ប្រកបដោយសុវត្ថិភាព និងមានក្ដីរីករាយបំផុតផងដែរ។

សូមជម្រាបថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងសិស្សនិស្សិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរៀបចំរថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៧ ខែមេសា ឆ្នាំ២០២៦ ពីរាជធានីភ្នំពេញ ទៅមកខេត្តសៀមរាប តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សម្រាប់ខ្សែធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែមេសា ចាប់ពីម៉ោង៦៖៣០នាទី ដល់ម៉ោង១១៖៣០នាទីព្រឹក នៅទីតាំងតំបន់ OCIC ជ្រោយចង្វា រង្វង់មូលទេពមច្ឆា រាជធានីភ្នំពេញ មកដល់មជ្ឈមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០)។ សម្រាប់ខ្សែធ្វើដំណើរពីខេត្តសៀមរាប ត្រឡប់ទៅរាជធានីភ្នំពេញវិញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ម៉ោងចេញដំណើរចាប់ពីម៉ោង៦៖៣០នាទី ដល់ម៉ោង១១៖៣០នាទីព្រឹក ចេញពីបរិវេណមជ្ឈមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខ អាន៕
ដោយ ឃុត សៅ





